ជួយស៊ែរបន្តផង! ប្រជាពលរដ្ឋប្រទះឃើញ រូបបដិមាដ៏ធំមួយ ដែលលម្អដោយសំពត់រំយោល សង្ស័យសល់ពីសម័យ....
សីហា
-

បដិមាធំមួយដែលលម្អដោយសំពត់រំយោលទម្លាក់មកខាងមុខមានប្រវែងបណ្តោយ១១៤សង់ទីម៉ែត្រ ទំហំស្មា៥៤សង់ទីម៉ែត្រ និងចង្កេះទំហំ៤៤សង់ទីម៉ែត្រ ត្រូវបានប្រទះឃើញនៅជ្រុងឦសាននៃកសិន្ធុប្រាសាទព្រះគោ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩។ ព្រឹត្តិការណ៍រកឃើញបដិមានេះស្ថិតក្នុងស្ថានភាពចៃដន្យដោយប្រជាជនដែលរស់នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង បានជីកយកដីទៅបំពេញកន្លែងទឹកដក់ក្រោយផ្ទះ។

លោក ថៃ មិច ជាអ្នកប្រទះឃើញបដិមា បានឱ្យដឹងថា កន្លងមកលោកតែងជីកយកដីនៅកន្លែងនេះបន្តិច កន្លែងនោះបន្តិចក្នុងកសិន្ធុក្បែរប្រាសាទព្រះគោដើម្បីបំពេញកន្លែងទឹកដក់ក្រោយផ្ទះរបស់គាត់។ លោក មិច បន្តថា ដំបូងឡើយមិននឹកស្មានថាជាបដិមានោះទេ តែមើលតាមសណ្ឋានថ្ម លោកមានការសង្ស័យ រួចក៏បានកាយដីបន្ត ទើបដឹងថាជាបដិមា ហើយបញ្ឈប់សកម្មភាព និងបានរាយការណ៍ទៅនគរបាលបេតិកភណ្ឌដើម្បីមានវិធានការយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព។

លោកអនុសេនីយិ៍ទោ អួន យ៉ង់ នគរបាលបេតិកភណ្ឌប្រចាំឧទ្យានរលួសបានឱ្យដឹងថា ក្រោយពីទទួលបានដំណឹងភ្លាម លោកបានស្នើសុំឱ្យផ្អាកសកម្មភាព រង់ចាំលោកចុះមកពិនិត្យដល់ទីតាំងផ្ទាល់ និងរាយការណ៍ដល់អាជ្ញាធរពាក់ព័ន្ធ។ អនុសេនីយិ៍ទោរូបនេះបានបញ្ជាក់ថា កន្លងមកមានប្រជាជនបានជួបប្រទះនូវបដិមាផ្សេងៗដូចករណីនេះជាច្រើនដងមកហើយ និងបានរាយការណ៍ដល់សមត្ថកិច្ចជាប្រចាំ ដែលនេះជាសកម្មភាពដ៏គំរូគួរយកតម្រាប់តាម។ លោកបានអំពាវនាវដល់ប្រជាជនក៏ដូចជាសាធារណជនទាំងអស់ដែលបានប្រទះឃើញនូវបដិមា សំណល់បុរាណវត្ថុនៅកន្លែងណាក៏ដោយ សូមប្រគល់ឬរាយការណ៍ដល់អាជ្ញាធរកុំបីខាន។

លោក ឈូក សុម៉ាឡា បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ជាបឋមទាក់ទងនឹងភិនភាគបដិមានេះ ភ្លាមៗមិនអាចសន្និដ្ឋានបាននៅឡើយថាជាទ្វាបាល ឬព្រះវិស្ណុ ឬអ្វីផ្សេង នោះទេ ដោយហេតុនៃការបាត់បង់ផ្នែកសំខាន់ៗនៃតួខ្លួនច្រើន។ ជាកិច្ចការបន្តដើម្បីអភិរក្សរូបបដិមានេះ លោក សុម៉ាឡា ក៏បានឱ្យដឹងថា ក្រុមការងារនឹងគូររូប ថតរូប វាស់វែង ចងក្រងឯកសារ បន្ទាប់មកយកទៅរក្សាទុកនៅរោងជាង ដើម្បីឱ្យអ្នកជំនាញផ្នែកជួសជុលថ្មសម្អាត និងតភ្ជាប់នូវបំណែកបដិមានេះឡើងវិញមុននឹងតាំងបង្ហាញជាសាធារណៈ។

សូមបញ្ជាក់ថា បដិមាដែលបានរកឃើញមិនពេញលក្ខណៈពេញលេញជាតួរខ្លួននោះទេ ព្រោះព្រះកេស ព្រះហស្ថទាំងសងខាង និងព្រះបាទទាំងពីរត្រឹមជង្គង់ត្រូវបានបាត់បង់ និងត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរាយកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរដោយមានការចូលរួមពីតំណាងនគរបាលការពារបេតិកភណ្ឌ នគរបាលប៉ុស្តិ៍រដ្ឋបាលស្រុកប្រាសាទបាគង មន្ទីរវប្បធម៌និងវិចិត្រសិល្បៈនៃខេត្តសៀមរាប៕

អត្ថបទ៖ លោក យី សុថា

រូបភាព៖ លោក ហ៊ុំ រិទ្ធី និងសឿន ប៊ុនស័រ

ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara Authority