សំបូរម៉្លេះ...ថ្ងៃមុនកូរ៉េជាង២លានដុល្លារ ថ្ងៃនេះចិន ៩០ម៉ឺនដុល្លារ ក្រោយនាំចូលប្រទេសកម្ពុជា ដោយគ្មានប្រភពច្បាស់លាស់
ស៊ីហៀង
-

ភ្នំពេញ៖ កម្លាំង នគរបាលអន្ដោប្រវេសន៍ ប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិភ្នំពេញ បានធ្វើការឃាត់ខ្លួនជនជាតិចិន៣នាក់ ក្រោយនាំលុយចូលមកប្រទេសកម្ពុជាចំនួន៩០មុឺនដុល្លារ ដោយគ្មានប្រភពច្បាស់លាស់ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ។


ជនជាតិចិនទាំងបីអ្នកនោះរួមមាន ទី១. ឈ្មោះ Huang Canming អាយុ២៧ឆ្នាំ , ទី២. ឈ្មោះ Yang Yongwei អាយុ២៦ឆ្នាំ ដែលពួកគេទាំងពីរធ្វើតំណើរពី ទីក្រុងហុងកុង ប្រទេសចិន មកកម្ពុជា និងទី៣. ឈ្មោះ Zizheng Zheng អាយុ៣២ឆ្នាំ ជាអ្នកមកទទួល។


សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា សមត្ថកិច្ចបានរកឃើញប្រាក់ ៩០០,០០០ដុល្លារ នៅក្នុងកាបូបយួរចំនួនបី ដែលបានចូលមកកាន់ ប្រទេសកម្ពុជា ដោយគ្មានប្រភពច្បាស់លាស់។ សមត្ថកិច្ចបានបន្តទៀតថា​ ការនាំចូលក្រដាសប្រាក់ទាំងនេះមានចំនួនច្រើន មិនមានប្រភពច្បាស់លាស់ និងមិនបង្ហាញពីគោលដៅច្បាស់លាស់របស់ប្រាក់ ទើបការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានសម្រេចឃាត់ខ្លួនតែម្ដង៕