ព្រះតេជគុណ ប៉ុល សារឿង ហៅតាក់ស៊ី ធ្វើ​កិច្ចសន្យា​ឈប់​សម្ដែង​ធម៌​ទេសនាមួយរយៈ ក្រោយពីរងការរិះគន់ថា...
-

ភ្នំពេញ៖ ប្រិយមិត្តជាច្រើ​នប្រាកដជាបានជ្រាបហើយថា​ កាលពីពេលកន្លងទៅ ព្រះតេជគុណ ប៉ុល សារឿង ហៅតាក់ស៊ី (អតីតតារាកំប្លែង) បានសម្តែងធម៏ទេសនា ជាលើកដំបូង ។ ព្រោះតែព្រះតេជគុណ ធ្លាប់ធ្វើជាតារាកំប្លែងនោះ ទោះធ្វើឲ្យមហាជនជាច្រើន បានស្គាល់ព្រះអង្គ ហើយក៏មានការរិះគន់ចំពោះ ព្រះតេជគុណ ថាព្រះតេជគុណមិនគោរពច្បាប់ជាសង្ឃ ទេសនាលេងសើចហួសហេតុជាដើម។ 


ក្រោយពីបានរងនូវការរិះគន់ដូននេះ ព្រះតេជគុណ តាក់ស៊ី ក៏បានធ្វើកិច្ចសន្យាឈប់សម្ដែងធម៌ទេសនាមួយរយៈ នៅចំពោះមុខព្រះមេគុណខេត្ត កំពង់ស្ពឺ កែវ ចន្ថា។


នៅក្នុងកិច្ចសន្យានោះ មានខ្លឹមសារថា "ខ្ញុំព្រះករុណា អាត្មាភាព ភិក្ខុឈ្មោះ ប៉ុល សារឿង (ហៅតាក់ស៊ី) អាយុ៤១ឆ្នាំ បច្ចុប្បន្នគង់នៅវត្ត ថ្មីដងទង់ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។


ខ្ញុំព្រះករុណា អាត្មាភាព សូមធ្វើកិច្ចសន្យាចំពោះព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគុណខេត្តកំពង់ស្ពឺ និងព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម ព្រមទាំងលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ស្ពឺមានដូចខាងក្រោម៖


១. ឈប់ទេសនាមួយរយៈពេល។

២. ឈប់សម្តែងធម៏ទេសនា ដែលមានកាយវិការមិនសមជាសមណៈ ឬសំឡេងដូចជាកំប្លែង។

៣. រហូតដល់ខ្ញុំព្រះករុណា បួសបានយូគួរសម និងធ្វើអំពើប្រាសចាកពីវិន័យសមណៈសង្ឃ ឬមិនធ្វើតាមកិច្ចសន្យាលើនេះ ខ្ញុំព្រះករុណា អាត្មាភាព ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ហើយនិងព្រមឲ្យព្រះមេគុណខេត្តនិងព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម ព្រមទាំងលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ស្ពឺមានវិធានការតាមព្រះធម៏វិន័យព្រះពុទ្ធសាសនាចុះ។


ដើម្បីជាសក្ខីភាព ខ្ញុំព្រះករុណា អាត្មាភាព សូមធ្វើការផ្តិតមេដៃ និងមានសាក្សីជួយដឹងផង ផ្តិតមេដៃស្តាំទុកជាភស្តុងតាង"៕