ស្រុកព្រៃនប់ ៖ មានពលរដ្ឋច្រើននាក់នាំគ្នាតវ៉ាដោយហឹង្សា រុះរើរបាំង(រោងកុងត្រូល)ដែលក្រុមហ៊ុនយិះ ជៀ របស់ចិន ដាក់បិទនៅតាមផ្លូវចូលទៅកាន់ឆ្នេរកោះសំពោចក្នុងឃុំរាមស្រុកព្រៃនប់ទីកន្លែងដែលក្រុមហ៊ុនចិនទទួលសិទ្ធិវិនិយោគនៅតំបន់នោះ នារសៀលថ្ងៃទី១៧កក្កដា២០១៩នេះ ដែលក្នុងហេតុការណ៍នេះមានសេចក្តីរាយការណ៍ជាបឋមមកថា មានបុរសជនជាតិចិនម្នាក់បានរងរបួស ហើយមានពលរដ្ឋមួយចំនួនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីសាកសួរ ក្រោយពេលដែលអជ្ញាធរនិងសមត្ថកិច្ចចម្រុះចុះអន្តរាគមន៍និងទប់ស្កាត់ការពារមិនអោយមានអំពើហឹង្សាធ្ងន់ធ្ងរបន្ថែមទៀត ប៉ះពាល់ដល់ផ្លូវច្បាប់ និងបានបន្តការដោះស្រាយតាមនិតិវិធី។

ប្រភពពីមន្ត្រីមូលដ្ឋានឃុំរាមស្រុកព្រៃនប់ថ្លែងក្នុងលក្ខខណ្ឌ័មិនអោយបញ្ចេញឈ្មោះថា ករណីពលរដ្ឋផ្ទុះការតវ៉ាឈានដល់រុះរើរបាំងកុងត្រូលនេះ ដោយសារពលរដ្ឋមានកំហឹងជាមួយខាងក្រុមហ៊ុនចិនយិះ ជៀ ដែលដាក់របាំងកុងត្រូលបង្កផលពិបាកដល់ពលរដ្ឋដែលមានលំនៅដ្ឋានប៉ែកខាងក្នុង ពេលចេញចូលផ្ទះម្តងៗ និងថាកន្លងមកប្រជាពលរដ្ឋបានស្នើសុំអោយក្រុមហ៊ុនបើកផ្លូវអោយពួកគាត់ងាយស្រួលធ្វើដំណើរតាមសម្រួលដែរ ប៉ុន្តែគ្មានដំណោះស្រាយ។

ចំពោះពលរដ្ឋពាក់ពន្ធ័ចំនួន៤រូបដែលសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្នក្រោយផ្ទុះហឹង្សានេះរួមមាន៖
១.ឈ្មោះ រឿង វិស័យ ភេទប្រុស អាយុ៤៤ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅភូមិកណ្តាលទួល ឃុំដើមចារ ស្រុកកំពង់ត្រាច ខេត្តកំពត។
២.ឈ្មោះ ហ៊ុយ យ៉េត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៣.ឈ្មោះ កែវ សឹង ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរធ្វើស្រែ មានទំនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
៤.ឈ្មោះ ឈឹម គឹមយូន ភេទ ប្រុស អាយុ៣០ឆ្នាំមុខរបរលក់ដូរ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នៅមិនទាន់មានរបាយការណ៍បញ្ជាក់ផ្លូវការបន្ថែមពីអជ្ញាធរលើបញ្ហានេះនៅឡើយ គិតត្រឹមម៉ោង៥ល្ងាចថ្ងៃដដែលនេះ ៕



