សំណាងណាស់ រត់ចេញទាន់...ពន្លត់ម៉ាស៊ីនដេកបានមួយសន្ទុះ ស្រាប់តែមានផ្សែង និងមានភ្លើងឆេះ ចេញពីរថយន្ត រត់ចេញសឹងតែមិនទាន់...
ស៊ីហៀង
-

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៩ នេះមានករណី រថយន្តដឹកទំនិញធុនធំមួយគ្រឿង បានឆេះយ៉ាងសន្ធោសន្ធៅ  ដែលបណ្តាលមកពីការឆ្លង ចរន្តអគ្គិសនីចេញពីកាប៊ីនឡាន។ ដែលហេតុការណ៍នេះបានកើតឡើង នៅចំណុច ជិតបុរីហាយធិច២ ក្រុម៤ ក្នុងភូមិតាង៉ូវ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា រថយន្តដឹកទំនិញនោះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌បៃតង ស្លាកលេខ ភ្នំពេញ 3D-6074 មានដឹកសម្ភារៈជាច្រើនមុខ រួមមានដូចជា សំបកធុងហ្គាស ស្បែកជើង ថ្នាំស្ពេត្រូ ធុងសាំងចំណុះ២៥០មីលីលីត្រ ម្ជុល សាប៊ូ ដែកដុសឆ្នាំង ថ្នាំបាញ់ស្វាយ មេសាប៊ូ សាប៊ូកក់សក់ សាប៊ូដុះខ្លួន ឡេ និងរទេះជនពិការជាដើម បានដឹកចេញពីប្រទេសវៀតណាម ឆ្លងកាត់តាមខេត្តតាកែវ។  ម្ចាស់ទំនិញមានឈ្មោះ ហ៊ ធឹង ភេទប្រុស ជនជាតិវៀតណាម។ ដោយឡែកបើតាមសម្តីតៃកុងរថយន្តខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ ដំបូងឡើយរូបគាត់កំពុងដេកក្នុងកាប៊ីនរថយន្ត ក៏ស្រាប់តែមានផ្សែង ទើបក្រោកមកមើល ស្រាប់តែឃើញភ្លើងឆេះទំនិញនៅខាងលើរថយន្តតែម្ដង។


សមត្ថកិច្ចប្រាប់ថា រថយន្តដឹកទំនិញម៉ាក Hyundai ឆេះនេះ ត្រូវបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ២៨គ្រឿង បាញ់អស់ទឹក ១១២គូប តែករណីនេះពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។ចំពោះករណីនេះ មិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតទំនិញតែប៉ុណ្ណោះ៕