ឆុម...ផឹកសុីសុខៗស្រាប់តែឈ្លោះគ្នាប្រាវ រហូតបោកកែវផ្អើលពេញហាងគោដុត រិទ្ធ វិទូ ហើយវ៉ៃជាមួយសន្តិសុខទៀត
ស៊ីហៀង
-

ភ្នំពេញ ៖ មានករណីហឹង្សាដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងហាងគោដុត រិទ្ធ វិទូ ច្រកចូលទីលានចាក់សម្រាមចាស់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រវាងភ្ញៀវមួួយក្រុមនិងសន្តិសុខ ហើយត្រូវបានអាវុធហត្ថចុះបំបែក ។


តាមប្រភពពីប្រជាពលរដ្ឋដែលគាត់បានចូលផឹកស៊ីក្នុងហាងនោះដែរ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញបុរសបួននាក់បានចូលមកផឹកស៊ីក្នុងហាងខាងលើ ដល់ពេលស្រវឹងរៀងៗខ្លួន ក៏បានទាស់សម្ដីគ្នាបន្តិចបន្ទួចហើយឈានទៅដល់ការបោកកែវ ផ្អើលដល់ភ្ញៀវផ្សេងអង្គុយក្បែរកំពុងទទួលទានឆ្ងាញ់ ឃើញដូចច្នោះសន្តិសុខក៏បានចាប់បុរសដែលបង្កហេតុខាងលើឲ្យចេញមកខាងក្រៅសិន តែដោយសារឥទ្ធិផលស្រាខ្លាំងពេកធ្វើឲ្យក្រុមបុរសជាភ្ញៀវ ប្រតាតប្រតប់វាយជាមួយសន្តិសុខថែមទៀតបណ្ដាលឲ្យបុរសម្នាក់របួសប៉ោងមុខមាត់ ។


ក្រោយកើតហេតុ ម្ចាស់ហាងខាងលើបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន រួមទាំងអាវុតហត្ថខណ្ឌឲ្យជួយមកអន្តរាគមន៍ ដោយបានឲ្យភាគីម្ចាស់ហាង និងភ្ញៀវខាងលើសម្របសម្រួលគ្នា ។ ចុងក្រោយភាគីទាំង២មិនបានប្ដឹងផ្ដល់គ្នានោះទេ ហើយបុរសទាំងបួននាក់នោះក៏បានជិះម៉ូតូចេញពីកន្លែងកើតហេតុរៀងៗខ្លនផងដែរ៕


ដោយ៖ ភារ៉ា