ស្វាយរៀង៖ កាលពី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនកូនតិរិច្ឆានម្នាក់ បានប្រើអំពើហិង្សាលើម្តាយរបស់ខ្លួន ដោយចាប់ចងស្លាបសេកនឹងសសរផ្ទះ ហើយវាយធ្វើបាបឥតប្រពៃដៃ។ ហេតុការណ៍នេះបានកើតឡើងនៅ ក្នុងភូមិត្រោក ឃំុគ្រួស ស្រុកស្វាយជ្រំខេត្តស្វាយរៀង ។

ជនសង្ស័យមានឈ្មោះ ឆោម មាន ហៅ ពេជ្រ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់ក្នុងភូមិត្រោក ឃំុគ្រួស ស្រុកស្វាយជ្រំខេត្តស្វាយរៀង ។ ចំណែកស្ត្រីជាម្ដាយរងគ្រោះមានឈ្មោះ វ៉ា រ៉ន អាយុ៥៣ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិ ឃំុកើតហេតុខាងលើ ។

បើយោងតាមសម្តីរបស់ម្តាយបានប្រាប់ទាំងទឹកភ្នែកថា កូនប្រុសគាត់បានមកទារលុយពីគាត់ចំនួន២ម៉ឺនរៀល ដើម្បីទុកទិញបាយហូប ក្នុងពេលដើររកការងារធ្វើ ។ ក្រោយពេលត្រឡប់មកផ្ទះ មិនដឹងមានអ្វីនោះទេ ស្រាប់តែមកចាប់គាត់(ម្តាយ) ចងទៅនឹង សសរក្រោមផ្ទះ ហើយវាយធ្វើបាបតាមអំពើចិត្ត ទើបមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍ និងឈានដល់ការឃាត់ខ្លួនតែម្តង។
នាពេលបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនហើយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕