ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០១៩នេះ មានករណីដ៏ហួសចិត្តក្រោយពីកូនស្រីបង្កើត បោះបង់ម្តាយចោល ដោយសារតែនាងមានស្នេហាជាមួយមនុស្សស្រីដូចគ្នា ហើយមិនអាចបោះបង់គ្នាឡើយ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កូនស្រីរូបនោះមានឈ្មោះថា ស៊ិន លក្ខណា អាយុ២២ឆ្នាំ មុខរបរ ជាកម្មកររោងចក្រកាត់ដេរ យីហោ ហុងវ៉ាសនាក់ នៅបន្ទប់ជួលជាមួយគូស្នេហ៍ភេទដូចគ្នា នៅម្តុំផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ស្ត្រីជាម្តាយមានឈ្មោះសុខដារ៉ាអាយុ៤១ឆ្នាំជាស្ត្រីមេម៉ាយមានកូនស្រី២នាក់ក្នុងបន្ទុកមានស្រុកកំណើតនៅភូមិប្រពាយឃុំម៉ារាមស្រុករមាសហែកខេត្តស្វាយរៀង។

បើយោងតាមស្រ្តីជាម្តាយបានប្រាប់ឲ្យដឹងថា ស្រ្តីជាម្តាយជាស្រ្តីមេម៉ាយកូនពីរ ទទួលបន្ទុកកូនពីរ កូនស្រីច្បងរបស់គាត់ធ្វើការរោងចក្រ ចំណែកកូនស្រីពៅកំពុងតែនៅរៀនថ្នាក់ទី៩ និងលោកយាយអាយុ៧៥ឆ្នាំ ។ ក្រោយពីទទួលដំណឹងថា កូនស្រីរបស់ខ្លួនមានស្នេហ៍ជាមួយភេទដូចគ្នា ក៏មកតាមហៅកូនឲ្យត្រឡប់ទៅផ្ទះវិញ តែកូនស្រីមិនព្រមធ្វើតាមនោះទេ។

បើតាមសំដីរបស់កូនស្រីបានប្រាប់ឲ្យដឹងថា រូបនាងពិតជាខ្លាចម្តាយរបស់ខ្លួនមកពង្រាត់បំបែកបំបាក់គូស្នេហ៍ភេទដូចគ្នា យកនាងឲ្យទៅរៀបការជាមួយបុរសផ្សេង បង្កឲ្យមានការភ្ញាកផ្អើលដល់កម្មករផ្សេងៗទៀតមកចោមរោមមើលយ៉ាងច្រើនកុះករ។ នាងបានបន្តទៀតថា តាំងពីនាងបានមកធ្វើការរោងចក្រជិត៥ឆ្នាំមកនេះ នាងមិនដែលមានអារម្មណ៍ស្រលាញ់មនុស្សប្រុស ឬចង់បានសង្សារជាមនុស្សប្រុសនោះទេ ។ ស្នេហាដំបូរបស់នាង គឺនាងបានជួបជាមួយនឹងយុវតីម្នាក់ និងរស់នៅក្នុងបន្ទាប់ជួលជាមួយគ្នាអស់រយៈពេលបីឆ្នាំមកហើយ តែម្តាយនាងបានបំបែកនាងចេញពីគ្នា។ ហើយនេះគឺជាស្នេហាទី២របស់នាង ដែលនាងបានស្រលាញ់គ្នា តែម្តាយរបស់នាងនៅតែតាមបំបែកនាងទៀត។ នាងបានប្រាប់ថា បើម្តាយនាងចង់ឲ្យនាងទៅនៅស្រុក នាងក៏ទៅជាមួយជាសង្សាររបស់នាងដែរ បើមិនអញ្ចឹងទេពួកគេសុខចិត្តស្លាប់។

ក្រោយពីបានលឺកូនស្រីនិយាយបែបនេះ ម្តាយក្មេងស្រីក៏បានវិលត្រឡប់ទៅវិញ ទាំងទឹកភ្នែក ដោយមិននិយាយអ្វីមួយម៉ាត់៕


