បើយោងតាមគណនីហ្វេសប៊ុក កាកបាតក្រហមកម្ពុជា បានបង្ហោះសារថា "ដើម្បីចូលរួមរំលែកមរណទុក្ខ និងជួយដល់ជីវភាពក្រុមគ្រួសារមន្ត្រីយោធា២នាក់ដែលបានស្លាប់ដោយឧបទ្ទវហេតុបាក់ស្ពាននៅត្រង់ចំណុចផ្លូវ១០១ ស្ពានអូរមា ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នោះ នៅថ្ងៃអាទិត្យ១១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារដឹកនាំដោយឯកឧត្តម កៀង វឌ្ឍនៈ ជំនួយការអគ្គលេខាធិការដ្ឋាននៃកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ព្រមទាំងនាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកាចំនួន ១០លានរៀល ទៅចូលរួមបុណ្យសពជនរងគ្រោះនីមួយៗដែលបានដឹកបញ្ជូនទៅធ្វេីបុណ្យតាមប្រពៃណីនៅតាមស្រុកកំណេីតរៀងៗខ្លួន នៅស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច ខេត្តកំពត។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុដែលជារឿងឈឺចាប់របស់ក្រុមគ្រួសារនៃសពដែលបានបាត់បង់ជីវិតកូនប្រុសជាទីស្រឡាញ់ប្រកបដោយកតញ្ញុតាធម៌ចំពោះឪពុកម្តាយ និងជាការបាត់បង់វីរៈយុទ្ធជនកម្ពុជាចំនួន២រូប ជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ មានអត្តចរិតស្លូតបូត សុភាពរាបសារ ស្មោះត្រង់ បានលះបង់ពេលវេលា កម្លាំងកាយ ស្ម័គ្រចិត្តបម្រើកងទ័ព លះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុការពារ ប្រទេសជាតិ និងប្រជាជនកម្ពុជា។ កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ វីរៈយុទ្ធជនទាំង២រូប បានចាប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡេីយ។

សូមបញ្ជាក់ថា យុទ្ធជនរងគ្រោះទី១ឈ្មោះ ភីនី ដាលិ អាយុ ២១ឆ្នាំ មានស្រុកកំណើត នៅភូមិភ្នំកុង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត និងជនរងគ្រោះទី២ឈ្មោះ សុខ សុវណ្ឌី អាយុ ២១ឆ្នាំ មានស្រុកកំណេីត នៅភូមិកោះតាកូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ អ្នកទាំង២ បានបម្រើការងារនៅកងអនុសេនាធំទី៣ វរសេនាតូចកាំភ្លើងធំ បញ្ជាការស្រាលយោធភូមិភាគទី១ នៃកងយោធពលខេមរភូមិន្ទ ប្រចាំនៅភូមិសាស្រ្តអូអាឡៃ ខេត្តស្ទឹងត្រែង៕










ប្រភព៖ កាកបាទក្រហមកម្ពុជា-Cambodian Red Cross