ជីវិតក្មេងកំព្រា
១. ជីវិតផ្សងព្រេង ជាក្មេងកំព្រា រស់ទាំងវេទនា រងាឯកា
ផ្ទះក៏គ្មាននៅ ខ្វះទាំងអាហាររស់ផ្ងេីរវាសនា តាមដងផ្លូវ។
២.ឃេីញហេីយអាណិត ស្ទេីរស្រក់ទឹកភ្នែក រស់នៅក្រោមមេឃ តែដេកកេីយដី
គ្មានឪពុកម្តាយ មេីលថែថ្នមបី ដៃអោបប្អូនស្រី ក្រោមដំណក់ភ្លៀង។
៣. ជីវិតកំព្រា ពិបាកខ្លាំងណាស់ បើកភ្នែកឃើញច្បាស់ តែទុក្ខវេទនា
គ្រប់ការលំបាក កើតមានគ្រប់គ្រា គ្រប់ពេលវេលា មិនអាចថ្លាថ្លែង។
៤. អ្នកកំព្រាខ្លះ ខ្វះក្តីស្រឡាញ់ អាហារមិនឆ្ងាញ់ ក៏ត្រូវគេបែង
ទ្រាំរស់ឲ្យផុត ពីក្តីចំបែង មិនដឹងថ្លាថ្លែង ទៅប្រាប់នរណា។
៥. ចិត្តចង់បានអ្វី ដូចគេធ្លាប់មាន តែបែរជាខាន មិនដូចប្រាថ្នា
ជាតិកូនកំព្រា ព្រហ្មលិខិតចារ តែចិត្តប្រាថ្នា ចង់បានឈានឡើង។
៦. អ្នកខ្លះកំព្រា ឥតឪពុកម្ដាយ គ្មានពេលសប្បាយ ខ្វះការតម្កើង
ទំនុកបម្រុង ឲ្យខ្លួនធំឡើង កើតយសថ្កុំថ្កើង ក្នុងសង្គមថ្មី។
៧. បំណងខ្ពង់ខ្ពស់ ខ្ញុំត្រូវសិក្សា តាមក្ដីប្រាថ្នា ដែលត្រូវឃ្មាតខ្មី
ក្លាយជាមនុស្ស ដោយធម៌ប្រពៃ ប្រែការស្រមៃ ជាក្តីសង្ឃឹម។
៨. សំណាងខ្ញុំមាន ឪពុកចិត្តធម៌ មានចិត្តស្មោះស យកមកចិញ្ចឹម
តម្រង់ផ្លូវខ្ញុំ ឲ្យមានសង្ឃឹម ចេះដឹងទន្ទឹម នឹងអ្នកដទៃ។
៩. ខ្ញុំសូមបួងសួង ដល់អស់ទេវតា សូមក្ដីប្រាថ្នា ដល់ព្រះម្ចាស់ថ្លៃ
សូមលោកឪពុក មានសុខសិរី សុខភាពប្រពៃ អាយុយឺនយូរ។
១០. ដើម្បីបានជួយ កុមារផ្សេងទៀត កូនខ្មែរខ្លះឃ្លាត គ្មានអ្នកគិតគូរ
ផ្ដល់ក្ដីសង្ឃឹម ឲ្យគ្នាបានធូរ រស់នៅឲ្យយូរ បានបម្រើជាតិ។
១១. ជីវិតកូនរស់ ដោយសារគុណធម៌ គ្មានអ្វីត្រេកអរ ជាងរស់ម្ដងទៀត
តស៊ូខំរៀន ព្យាយាមខ្មីឃ្មាត មិនឲ្យចាកឃ្លាត គន្លងផ្លូវល្អ។
១២. ដើម្បីប្រែក្លាយ ជាមនុស្សនឹងគេ ចាកផុតការផ្ទេរ ពីក្មេងក្រីក្រ
ចូលរួមចំណែក សាងសង្គមល្អ រុញជាតិបវរ ឈានឡើងរុងរឿង៕


