ភ្នំពេញ៖ កាលពីវេលាម៉ោង ១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវទន្លេសាប ត្រង់ចំណុចមុខអូតែលសុខា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា បុរសម្នាក់ បានរងរបួសធ្ងន់ ក្រោយពីបើកម៉ូតូលឿនដូចជ្រុលពេក ហើយក៏បានវ៉ារថយន្តដឹកសំរាម ក៏ជ្រុលទៅបុករថយន្ត អ្នកនាង ឆៃ លីដាឡែន ដែលកំពុងចតអែមចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ប្រភពពីអ្នកនាង ឆៃ លីដាឡែន បានប្រាប់ថា រថយន្តរបស់អ្នកនាង ម៉ាកកាមរីបាឡែន ពាក់ស្លាកលេខភ្នំពេញ 2AA-1394 នៅនឹងមុខសណ្ឋគារសុខា ញុាំអីជាមួយមិត្តភក្តិនិងក្រុមគ្រួសារ ស្រាប់តែមានបុរសម្នាក់បើកម៉ូតូមកយ៉ាងលឿន ម៉ាក HONDA PCX ពាក់ស្លាកលេខ ភ្នំពេញ 1DB-7534 បានវ៉ារថយន្តដឹកសំរាម ហើយក៏ជ្រុលមកបុករថយន្តរបស់អ្នកនាងតែម្តង។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ម៉ូតូ បានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅមុន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់។

សមត្ថកិច្ចបានប្រាប់ទៀតថា ភាគីទាំងសងខាង បានធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូ បានសុំទោសទៅម្ចាស់រថយន្ត ហើយអ្នកនាង ឆៃ លីដាឡែន ក៏មិនយកទោសអីដែរ និងមិនទាមទារសំណងអ្វីទាំងអស់ គ្រាន់តែប្រាប់ថា ថ្ងៃក្រោយកុំជិះលឿនពេក ៕



