ភ្នំពេញ ៖ អតីតមេដឹកនាំខ្មែរក្រហមលោក នួន ជា អាយុ៩៣ឆ្នាំ បានទទួលមរណភាពនៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ នេះបើតាមការឲ្យដឹងពី លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម ថ្លែងប្រាប់បណ្ដាញព័ត៌មាន។
.jpg?1564921611)
ជនជាប់ចោទនួន ជា តាមពិតមានឈ្មោះដើមថា ឡុង ប៊ុនរួត កើតនៅឆ្នាំ១៩២៦ នៅភូមិវត្តគរ ក្នុងខេត្តបាត់ដំបង។ នៅក្នុងអំឡុងសង្រ្គាមលោកលើកទី២ ខេត្តបាត់ដំបង ត្រូវបានថៃដណ្តើមយកទៅកាន់កាប់ អ្នកស្រុកបាត់ដំបងទាំងអស់ រួមទាំង នួន ជា ផង ត្រូវបានរដ្ឋាភិបាលថៃ ផ្តល់សញ្ជាតិជាថៃ។ នួន ជា បានចេញពីបាត់ដំបងទៅបន្តការសិក្សានៅទីក្រុងបាងកក ។ នៅឆ្នាំ១៩៤៥ នួន ជា បានប្រឡងជាប់សញ្ញាប័ត្របាក់ឌុប ហើយបានបន្តការសិក្សាផ្នែកច្បាប់ នៅសាកលវិទ្យាល័យធម្មសាត ប្រទេសថៃ។ ក្រោយមក នួន ជា បានទៅធ្វើការជាស្មៀន នៅក្រសួងការបរទេសថៃ ហើយបានចូលជាសមាជិកបក្សកុម្មុយនិស្តថៃ។ ការណ៍ដែល នួន ជា សម្រេចចិត្តចូលក្នុងបក្សកុម្មុយនិស្តថៃនេះ ប្រហែលជាមកពីគាត់ទទួលឥទ្ធិពលពីបងជីដូនមួយរបស់គាត់ គឺ សៀវ ហេង ដែលបានចូលជាសមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិន នៅក្នុងអំឡុងពេលជាមួយគ្នានោះ។
.jpg?1564921620)
យោងតាមលោក នេត្រ ភក្ដ្រា បានបញ្ជាក់ថា ជនជាប់ចោទ នួន ជា បានទទួលមរណភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ជនជាប់ចោទ នួន ជា ត្រូវបានបញ្ជូនពី មន្ទីរឃុំឃាំងបណ្តោះអាសន្នរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) ទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីក្រុមគ្រូពេទ្យពិនិត្យព្យាបាលជំងឺ តាំងពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩មក។
.jpg?1564921666)
.jpg?1564921667)