ខឹងថៅកែហាង បញ្ឈប់ពីការងារ បានចូលទៅវាយបំផ្លាញតុ និងជញ្ជាំងហាង ព្រមទាំងគំរាម និងយកដបសាំង បម្រុងនិង...
-

កណ្តាល៖ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទី​ នៅចំណុចហាងមីហិរ Seoul ស្ថិតក្នុងភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ បុរសម្នាក់ ខឹងថៅកែបញ្ឈប់ពីការងារ ចូលអុលឡុកក្នុងហាងវាយបំផ្លាញ តុ កៅអី ក្នងហាង ត្រូវបុគ្គលិកក្នុងហាងចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។


ជនរងគ្រោះឈ្មោះ ឡាង សុធាវី ភេទប្រុសអាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ហាងមីហិរSeoul មានទីលំនៅសព្វថ្ងៃនៅ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ រាជធានីភ្នំពេញ ។


ចំណែកជនបង្កមានឈ្មោះថា ឃាង គីមពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងជាអតីតបុគ្គលិកហាងលក់មីហិរSeoul ខាងលើ មានទីលំនៅសព្វថ្ងៃនៅភូមិ-ឃុំកើតហេតុ ។


វត្ថុតាងចាប់យក៖ ប្រេងសាំង ចំនួន ០១ដបទឹកបរិសុទ្ធ ចំណុះ ០,៥លីត្រ ។


សភាពរឿងហេតុ កន្លងមកជនសង្ស័យ គឺជាបុគ្គលិកធ្វើការក្នុងហាងលក់មីហិរSeoul ស្ថិតក្នុងភូមិកើតហេតុខាងលើ ក្រោយមកត្រូវបានជនរងគ្រោះ ជាម្ចាស់ហាង បានបញ្ឈប់ជនសង្ស័យពីការងារ ។ លុះនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២០.៣០នាទី ស្រាប់តែជនសង្ស័យ ឃាង គីមពេជ្រ បានទៅក្នុងហាងខាងលើ ដោយបានវាយបំផ្លាញតុ និងជញ្ជាំងហាង ព្រមទាំងគំរាម និងយកដបសាំងទៅបម្រុងដុតហាងទៀតផង ដោយសារតែខឹងនឹងថៅកែបញ្ឈប់ពីការងារ ហើយពុំព្រមទទួលឲ្យចូលធ្វើការវិញ តែពុំបានដុតហាងទេ ក៏បោះដបសាំងចោលក្បែរនោះទៅ រួចត្រូវបានម្ចាស់ហាងធ្វើដំណើរពីភ្នំពេញមកទាំងយប់ រួចរកឃើញដបសាំងនោះ ប្រគល់ជូននគរបាលតែម្ដង។


រហូតដល់ពេលកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ ដដែលខាងលើនេះ មិនខ្លាចរអារ ដើរចូលទៅក្នុងហាងរករឿង រកវាយបុគ្គលិក និងវាយបំផ្លាញតុ កៅអី ក្នុងហាង ខូចខាតមួយចំនួនថែមទៀត តែលើកនេះត្រូវបានបុគ្គលិកក្នុងហាងចាប់ឃាត់ខ្លួនជាប់ រួចប្រគល់ជូននគរបាលតែម្ដង ។


បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ត្រូវបាន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕


ប្រភព៖ ស្នងការដ្នាននគរបាលខេត្តកណ្តាល