ភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវបានប្ដីចិត្តអប្រិយ៍មកពីផឹកសុីស្រវឹងរួចមកដល់ផ្ទះបែជារករឿងប្រពន្ធ រហូតបង្កហិង្សាវាយប្រពន្ធរហូតដល់ស្លាប់ កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១៨ ផ្លូវលេខ៤៨k ក្រុមទី១ ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ក្រោយមកសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជនដៃដល់បានភ្លាមៗផងដែរ ។
ជនបង្កជាប្ដីមានឈ្មោះ ផង់ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករលើកអុីវ៉ាន់ និងឆ្លៀតរត់ម៉ូតូឌុបមានទីលំនៅបច្ចុប្បន្នត្រង់ចំណុចកើតហេតុខាងលើ ។ រីឯសពស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ នុយ វណ្ណារី អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ត្រង់ចំណុចកើតហេតុ ។ ដោយពួកគេទាំង២នាក់យកគ្នាជាប្ដីប្រពន្ធមិនបានរៀបការនិងរស់នៅជាមួយគ្នាអស់រយះពេល១ឆ្នាំគ្មានកូននោះទេ ។

បើតាមសម្ដីជនដៃដល់ជាប្ដីបានសារភាពថា ជារៀងរាល់ថ្ងៃរូបគេរស់នៅជាមួយប្រពន្ធជាជនរងគ្រោះមិនសូវចុះសំរុងនិងគ្នានោះទេ ដោយរូបគេក៏ប្រច័ណ្ឌប្រពន្ធ រីឯប្រពន្ធក៏ប្រច័ណ្ឌប្ដី ទើបឈ្លោះគ្នានិងឈានដល់ប្រើហិង្សាផងដែរ ។

លុះនៅថ្ងៃកើតហេតុ រូបគេបានមកពីផឹកសុីជាមួយមិត្តភ័ក្ត្រ ដោយស្រវឹងស្រាផង និងមានគំនិតគិតពីប្រពន្ធមិនល្អផង ក៏កើតជាហិង្សាវាយប្រពន្ធចំនួន២ដៃចំក្ដោងច្រមុះ រួចខ្ទប់ដង្ហើមរហូតដល់ស្លាប់តែម្ដង ។

ក្រោយកើតហេតុភ្លាមៗ ប្រជាពលរដ្ឋដែលរស់នៅជិតខាងឃើញហេតុការណ៍នេះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកឃាត់ខ្លួនឃាតករជាប្ដី យកទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល កាកាបទី២ ដើម្បីសួរនាំ និងកសាងសុំណុំរឿងបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាត់ការបន្តតាមនីតិវិធី ។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចដឹកយកទៅតម្កល់ទុកនៅវត្តតាងកសាង រង់ចាំធ្វើបុណ្យតាមប្រពៃណី ៕


ដោយ៖ ភារ៉ា