សូមប្រុងប្រយ័ត្នផង​ ! ករណីទឹកជំនន់អាក្រក់ កាលពីយប់មិញនេះ មានមនុស្សស្លាប់ហើយ និងមានបងប្អូនខ្មែរយើងបានបាត់ខ្លួន
-

ខេត្តព្រះសីហនុ-(ដំណឹងបន្ថែម) ករណីជំនន់ទឹកភ្លៀងដ៍អាក្រក់នៅខេត្តព្រះសីហនុកាលពីយប់ថ្ងៃ៨សីហា២០១៩ សមត្ថកិច្ចអោយដឹងជាបឋមថា នៅឃុំបិតត្រាំងស្រុកព្រៃនប់ មានបុរសជនជាតិចិនម្នាក់បានស្លាប់ដោយសាររលំរបងសង្កត់លើ និងមានសេចក្តីរាយការណ៍ថាជនជាតិខ្មែរម្នាក់ទៀតនៅបាត់ខ្លួន ដោយគ្រោះជំនន់ទឹកភ្លៀងដ៍អាក្រក់នេះ។ រហូតមកដល់ព្រឹកថ្ងៃទី៩សីហា២០១៩ សមត្ថកិច្ចកំពុងបន្តស្វះស្វែងស្រាវជ្រាវរកជនជាតិខ្មែរដែលគេរាយការណ៍ថាបាត់ខ្លួននោះ ថាពិតជាបានរងគ្រោះជាប់នៅកន្លែងណាឬក៍មានសុវត្ថិភាពនៅឡើយ។ 

ចំពោះស្ថានភាពទូទៅវិញ គិតត្រឹមម៉ោង១០កន្លះព្រឹកថ្ងៃ៩សីហានេះ ភ្លៀងនៅតែបន្តធ្លាក់ គ្រាន់តែមិនខ្លាំងដូចកាលពីយប់មិញ។ ករណីជំនន់ទឹកភ្លៀងដ៍អាក្រក់នេះ បានធ្វើអោយលំនៅដ្ឋានពលរដ្ឋខ្លះដូចជាតំបន់ស្ពានអូរ១ជាដើម ទឹកឡើងតាមអូរលិចផ្ទះពលរដ្ឋខ្លះដល់ជាង១ម៉ែត្រក៍មានដែរ ហើយហេដ្ឋារចនាសម្ពន្ធ័មួយចំនួនមានផ្លូវសាធារណៈជាដើមបានរងការខូចខាតធ្ងន់ធ្ងរ។

សូមបញ្ជាក់ថានៅព្រឹកថ្ងៃ៩សីហា២០១៩នេះ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីចុះពិនិត្យនិងដោះស្រាយកិច្ចការបន្ទាន់ចំពោះមុខ ជូនពលរដ្ឋក្នុងហេតុការណ៍គ្រោះធម្មជាតិនេះផងដែរ៕

ប្រភព៖ Huy Bunleng