ប្រពៃណាស់! អច្ឆរិយៈកូនខ្មែរ លោក ហុង ភារិន បានជួបសំណេះសំណាលជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងកោតសរសើរពីសមត្ថភាពដ៏កម្ររកបាន...
សីហា
-

ប្រិយមិត្តប្រហែលជាបានជ្រាបព័ត៍មានរបស់ប្រទេសថៃ ពីយុវជនខ្មែរម្នាក់ដែលមានឈ្មោះ ហុង ភារិន ជានិស្សិតអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ រ៉ាឆាផាត់ឆៃយ៉ាភូមិ ប្រទេសថៃ កំពុងតែធ្វើពិភពលោកកោតសរសើរមិនដាច់ពីមាត់ ចំពោះការបង្ហាញនូវសមត្ថភាពពិសេសរបស់គាត់ ដោយបានចង់ចាំលេខរាប់រយ រាប់ពាន់ខ្ទង់ និង ប្រក្រតិទិនជាច្រើនឆ្នាំទៀតផង ដែលមនុស្សដទៃទៀតមិនអាចធ្វើបានដូចគាត់ ក្នុងកម្មវិធីអច្ឆរិយៈលើស១០០ ឬ Super100” នៃ ទូរទស្សន៍Workpoint Entertainment។

តាមប្រភពពីRoyal Embassy of Cambodia in Bangkok បានឲ្យដឹងថា៖ នៅរសៀលថ្ងៃទី ៣០ សីហា ២០១៩ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោកជំទាវ បានអនុញ្ញាតអោយ លោក ហុង ភារិន និស្សិតអាហារូបករណ៍កម្ពុជាឆ្នាំទី ៤ ផ្នែកអភិវឌ្ឍន៍ជនបទ នៅសាកលវិទ្យាល័យរាជផាត់ជ័យភូមិ ខេត្តជ័យភូមិរបស់ថៃ ចូលជួបសម្តែងការគួរសម នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ។

ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមឯកអគ្គរាជទូតបានកោតសរសើរ និងអបអរសាទរប្អូនប្រុស ចំពោះការបង្ហាញសមត្ថភាពនៃការចងចាំរបស់ប្អូនក្នុងកម្មវិធីដ៏ល្បីមួយរបស់ថៃ ដែលធ្វើអោយទទួលបានការស្ញប់ស្ញែងយ៉ាងខ្លាំងពីសាធារណជនទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។ ទន្ទឹមនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដែលប្អូនប្រុសធ្វើអោយប្រទេសផ្សេងស្គាល់ពីកម្ពុជាកាន់តែខ្លាំង ដែលទាំងនេះជាលទ្ធផលចេញពីការខិតខំប្រឹងប្រែងព្យាយាមហ្វឹកហាត់កន្លងមក។ ជាងនេះទៅទៀត ឯកឧត្តម បានផ្តាំផ្ញើអោយបន្តខិតខំរៀនសូត្រ ដើម្បីវិលត្រឡប់ទៅប្រទេសកម្ពុជាវិញពេលបញ្ចប់ការសិក្សា ពីព្រោះជាធនធានកម្រមួយ និងជាទំពាំងដ៏ល្អ ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយមានការទទួលស្គាល់លើឆាកអន្តរជាតិបន្ថែមទៀត។