សម្តីមាស ! លោកជំទាវ ម៉ម រមនា រដ្ឋលេខាធិការ នៃក្រសួងសាធារណការ​ ថាផ្លូវស្រុកខ្មែរខូចច្រេីនដោយសារការប្រែប្រួលរបស់អាកាសធាតុ...
ស៊ីហៀង
-

ភ្នំពេញ៖ ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ ម៉ម រមនា រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការសិក្សា និងការវិភាគលើផលចំណេញខាត(CBA) ខាងផ្នែកសេដ្ឋកិច្ចនៃការបញ្ជ្រាបការងារបម្រែបម្រួលអាកាសធាតុទៅក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីនៃអង្គភាពទាំងអស់ក្រោមឱវាទក្រសួង។

គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់ចំណេះដឹងពីបរិបទនៃការប្រែប្រួលអាកាសធាតុ ប៉ាន់ស្មាននូវទំហំនៃផលប្រយោជន៍នៃគោលនយោបាយមួយដែលអាចផ្លាស់ប្តូរដោយការប្រែប្រួលអាកាសធាតុដោយប្រើប្រាស់វិធីសាស្ត្រវិភាគចំណាយ និងផលចំណេញ បង្ហាញអំពីរបៀបនៃការផ្លាស់ប្តូរគោលនយោបាយដែលអាចបង្កើនផលចំណេញសុទ្ធ និងពិចារណាលើការរៀបចំសំណើថវិការបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

លោកជំទាវរដ្ឋលេខាធិការបានមានប្រសាសន៍ថា៖ ការប្រែប្រួលអាកាសធាតុ ជាបញ្ហាអន្តរវិស័យ ហើយវិស័យសាធារណការ និងដឹកជញ្ជូន ជាវិស័យមួយដែលទទួលរងផលប៉ះពាល់តាមរយៈការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដែលរាជរដ្ឋាភិបាលត្រូវចំណាយថវិកាជាតិ ថវិកាជំនួយ និងកម្ចីពីអន្តរជាតិ ដើម្បីធ្វើការជួសជុល ស្ដារឡើងវិញ។ ជាក់ស្ដែងទឹកជំនន់បានធ្វើឱ្យប៉ះពាល់ដល់ខេត្តមួយចំនួន ដូចជាខេត្តព្រះសីហនុ កំពត ពោធិសាត់ ស្ទឹងត្រែង រតនគិរី បណ្ដាលឱ្យផ្លូវថ្នល់ ស្ពាន ទទួលរងការខូចខាត និងផ្អាកចរាចរណ៍ការជាបណ្ដោះ។

ជាមួយគ្នានោះផងដែរ ថ្លែងក្នុងឱកាសបិទសិក្ខាសាលា ឯកឧត្ដម សឿន ប៊ុនលី អគ្គនាយក នៃអគ្គនាយកដ្ឋានផែនការ និងគោលនយោបាយនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ ក្នុងរយៈពេល១ថ្ងៃពេញនេះ អង្គសិក្ខាកាមបានរៀនសូត្រនូវមេរៀនគន្លឹះមួយចំនួនដូចជា មូលដ្ឋានគ្រឹះនៃការប្រែប្រួលអាកាសធាតុ និងវិទ្យាសាស្រ្តអាកាសធាតុ ចំណុចប្រទាក់គ្នារវាងការប្រែប្រួលអាកាសធាតុ និងគោលនយោបាយសាធារណៈ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន វិធីសាស្ត្រវិភាគចំណាយ និងផលចំណេញលើសកម្មភាពពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្ដមអគ្គនាយកបានបន្ថែមថា៖ អង្គសិក្ខាសាលាក៏បានលើកយកនូវលំហាត់ករណីសិក្សា លើការវិភាគលើផលចំណេញ-ខាត(CBA)ខាងផ្នែកសេដ្ឋកិច្ចនៃការបញ្ជ្រាបការងារប្រែប្រួលអាកាសធាតុទៅក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងការប្រៀបធៀបពីអត្ថប្រយោជន៍រវាងការវិនិយោគ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដែលគិតគូរពីស្ថានភាពដែលមានការប្រែប្រួលអាកាសធាតុ និងគ្មានការប្រែប្រួលអាកាសធាតុ។

ឯកឧត្ដមអគ្គនាយក បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងផុសផុលពីសំណាក់សិក្ខាកាមទាំងអស់ដែលបានចូលរួមជាមតិយោបល់សួរសំណួរ-ចម្លើយ និងពិភាក្សា ក្រោមការសម្របសម្រួលរបស់វាគ្មិន ដែលធ្វើឱ្យសិក្ខាសាលាមានភាពរស់រវើក និងសកម្ម និងសង្ឃឹមថាខ្លឹមសារនៃសិក្ខាសាលានេះ គឺពិតជាផ្ដល់នូវចំណេះដឹង និងជាមូលដ្ឋានក្នុងការពិចារណា សម្រេចចិត្ត សម្រាប់ការវិនិយោគលើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុដោយផ្អែកលើការវិភាគផ្នែកសេដ្ឋកិច្ច ឆ្លើយតបទៅនឹងការរំពឹងទុករបស់សិក្ខាកាមទាំងអស់ផងដែរ ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT