ខេត្តកណ្ដាល៖ ស្រ្តីម្នាក់បានដាក់ពាក្យបណ្តឹងទៅលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ដើម្បីឲ្យជួយរកយុត្តិធម៏ ដល់រូបនាង ពីបទមនុស្សឃា តដោយចេតនា និងហិង្សាមានស្ថានទម្ងន់ទោស វាយនាងរហូតរលូតកូនចេញពីផ្ទៃ។

បើយោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះបានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះថាស៊ាង ស្រីល័ក្ខ អាយុ២៦ឆ្នាំ មានទីលនៅបច្ចុប្បន្នភូមិសុកុំផ្ញើ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ សូមប្តឹងទៅបុរសម្នាក់ ដែលមានឈ្មោះថា ជិន ជឿន ភេទប្រុស ជាមន្ត្រីបម្រើការងារនៅស្នងការនគរបាលខេត្តកណ្តាល ផ្នែកបុគ្គលិក មានទីលំនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ពីបទ ប៉ុនប៉ងមនុស្សឃា តដោយចេតនានិងហិង្សាមានស្ថានទម្ងន់ទោស។

នារីរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី១៤ តុលា ឆ្នាំ២០១៩ វេលាម៉ោង១០ និង៣០នាទីយប់ ឈ្មោះ ជិន ជឿន ដែលជាប្ដីរស់នៅដំបូលផ្ទះតែមួយ ដោយមិនទាន់បានរៀបការ បានប៉ុនប៉ងធ្វើឃាត និងហិង្សាមានស្ថានទម្ងន់មកលើនារីរងគ្រោះ បណ្តាលឱ្យរលូតកូននៅក្នុងផ្ទៃរបស់នាងខ្ញុំ ដែលកំពុងពរពោះ៤ខែ។

ដូចដែលបានជម្រាបជូនខាងលើ សូមលោកស្នងការនរគបាលខេត្តកណ្តាលមេត្តាជួយរកយុត្តិធម៏ និងចាត់វិធានការតាមផ្លូវច្បាប់ឲ្យនាងខ្ញុំដែលជាជនរងគ្រោះផង។ នៅព្រឹកថ្ងៃទី១៩ តុលា ឆ្នាំ២០១៩នេះ នៅពុំទាន់សុំការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានទេ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល៕
