បើយោងតាមគណនីហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia បានបង្ហោះសារថា"ក្រសួងទេសចរណ៍ចេញសារាចរណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ផ្អាកអាជីវកម្មរយៈពេល ០១ថ្ងៃ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។
ព្រមជាមួយគ្នានេះ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន ក៏ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះផងដែរ។

គួរបញ្ជាក់ផងដែរថា "សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះរាជបុត្រីច្បងរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយាងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ៧រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ដោយព្រះរោគាពាធ"៕




ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia