កាលពីថ្ងៃទីម្សិលមិញមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Royal du Cambodge បានរៀបរាប់ថា "ទិដ្ឋភាពក្រុមនាដការី កំពុងហាត់សមសម្រាប់រាំថ្វាយព្រះវិញ្ញណក្ខ័ន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាវេលាម៉ោង ៧ល្ងាច(ក្នុងករណីគ្មានការប្រែប្រួល)ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នាព្រះមេរុ ខាងមុខវត្តបទុមវតី ដែលជាការរាំក្រាបថ្វាយមហាព្រះរាជកុសល និងជាការថ្វាយបង្គំលាជាលើកចុងក្រោយ។

មហាជនអាចអញ្ជើញចូលរួមទស្សនា ក្នុងសម្លៀកបំពាក់កាន់ទុក្ខ ស្ថិតនៅខាងមុខវត្តបទុមវតី ។ ដំណឹងដ៏សោកសៅមួយនេះ បានធ្វើឲ្យប្រជាជនខ្មែរ ទាំងអស់ពិតជាការសោកស្តាយខ្លាំងមែនទែនចំពោះការបាត់បង់ដ៏ធំមួយនេះ។

គួរបញ្ជាក់ផងដែរថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៧ព្រះវស្សា នាវេលាម៉ោង ១២និង៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយព្រះរោគាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ៕















































ប្រភព៖ Royal du Cambodge