អាណិតប្អូនណាស់...ម្តាយចុងចិត្តអប្រិយ៍ ដាក់កំហិតឲ្យកូនដើមដើររើសអេតចាយ ក្នុងមួយថ្ងៃឲ្យបាន៣ម៉ឺនរៀលឡើង ទើបឲ្យហូបបាយ ហើយថែមទាំងញុះញង់ប្តីឲ្យវាយធ្វើបាបកូនរាល់ថ្ងៃទៀត...
ស៊ីហៀង
-

ភ្នំពេញៈ កាលពីយប់ថ្ងៃទី២៦​ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្មេងប្រុសម្នាក់ ត្រូវបានឪពុកបង្កើតធ្វើទារណកម្ម និងដាក់កំហិតឲ្យកូនដើររើសអេតចាយ ក្នុងមួយថ្ងៃឲ្យបាន៣០០០០រៀលឡើងទៅ បើមិនបានមិនឲ្យបាយហូប និងម្ហូបបរិភោគ មិនឲ្យគ្នាដេកនៅក្នុងបន្ទប់ សូម្បីតែទឹកក៏មិនឲ្យគ្នាងូតដែរ ដែលហេតុការណ៍នេះបានកើតឡើងនៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្មេងប្រុសរងគ្រោះឈ្មោះ ហុល អាយុទើបតែ១១ឆ្នាំ ឳពុករបស់ខ្លួនឈ្មោះ បូរិន មុខរបរ ធ្វើការសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

បើយោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋនៅជិតនោះ បានប្រាប់ឲ្យដឹងថា ក្មេងប្រុសកំសត់ ត្រូវបានឪពុករបស់ខ្លួនប្រើអំពើហិង្សាលើកូនប្រុសខ្លួនឯង រហូតដល់សន្លប់បាត់ស្មារតី ព្រោះតែជឿតាមពាក្យញុះញង់របស់ប្រពន្ធចុង។ ប្រភពដដែលបានបន្តទៀតថា ក្មេងប្រុសកំសត់ត្រូវចេញទៅរកលុយ មិនបានទៅរៀនសូត្រអ្វីនោះទេ ដោយប្រពន្ធចុងបានដាក់កំហិតឲ្យដើររើសអេតចាយ ក្នុងមួយថ្ងៃឲ្យបាន៣០០០០៛ឡើង ទើបមានបាយនិងម្ហូបបរិភោគ ហើយជារៀងរាល់ថ្ងៃ ក្មេងប្រុសនោះ មិនដែលបានដេកនៅក្នុងបន្ទប់ទេ គឺបានត្រឹមដេកលើប៉ោអ៊ី នៅនិងមុខបន្ទប់ប៉ុណ្ណោះ សូម្បីតែទឹកងូតក៏មិនឲ្យគ្នាចូលងូតដែរ។

ដោយសារតែទ្រាំមិនបាន ណាមួយឃើញក្មេងកំសត់ម្នាក់នេះត្រូវរងទារុណកម្មពីសំណាក់ឪពុករាល់ថ្ងៃនោះ ក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចនគរបានចោមចៅ ឲ្យជួយអន្តរាគមន៍។ ក្រោយពីបានទទួលដំណឹងហើយនោះ សមត្ថកិច្ចក៏បានចុះមកធ្វើការឃាត់ខ្លួនឪពុកបង្កើត យកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ដើម្បីសាកសួរ និងធ្វើសំណុំរឿងតាមនិតិវិធីច្បាប់៕