ភ្នំពេញ ៖ វេលាម៉ោង១៨និង០០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងវត្តនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និស្សិតម្នាក់ត្រូវគ្រួសារខាងស្រីនាំខ្លួនប្រគល់ឲ្យសមត្ថកិច្ច ដោយសារបង្ហោះវីដេអូអា សអាភា សជាមួយសង្សារដែលបានថតនាពេលកន្លងមក ដោយសារខឹងនាងសុំចែកផ្លូវគ្នា ។
សង្ស័យជាសង្សារឈ្មោះ វ៉ាន់ សុគន្ធ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ចំណែកជនរងគ្រោះឈ្មោះ គ.ស.ឡ អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិដូនតី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យធ្លាប់ស្រឡាញ់គ្នាតាំងពីឆ្នាំ២០១៦ រហូតដល់ចុងឆ្នាំ ២០១៨ ដោយធ្លាប់មានស្នេហាផ្អែមល្ហែម ជាមួយគ្នា និងថតរូប-ថតវីដេអូទុកក្នុងទូរស័ព្ទដៃ ។ បន្ទាប់មកក៏មានទំទាស់គ្នា ខាងស្រីសុំចែកផ្លូវ ។ ពេលនោះខាងប្រុសបានបង្ហោះរូបថតវីដេអូអា សអាភា សទៅទូរស័ព្ទដៃរបស់នាងជាសង្សារតាមប្រព័ន្ធ Messenger Facebook ដោយគំរាមជនរងគ្រោះថា បើបែកគ្នានឹងបង្ហោះវីដេអូឲ្យគេមើល ហើយបានទារលុយពីជនរងគ្រោះ ៥០០ដុល្លារ តែជនរងគ្រោះមិនឲ្យ ។
ប្រភពដដែលបន្តថា លុះដល់ថ្ងៃទី៣០-ខែវិច្ឆិកា-ឆ្នាំ២០១៨ ជនរងគ្រោះ និងជនសង្ស័យជាមួយក្រុមគ្រួសារទាំងពីរ(ខាងប្រុស និងខាងស្រី)បានជួបគ្នាធ្វើកិច្ចសន្យាមិនបង្ហោះរូបថតវីដេអូអា សអាភា សទៅខាងក្រៅទេ និងឲ្យទូរស័ព្ទដៃជនសង្ស័យទៅជនរងគ្រោះលុបរូបថតវីដេអូអា សអាភា សទាំងអស់ពីក្នុងទូរស័ព្ទជនសង្ស័យ ។ ស្រាប់តែរហូតដល់ថ្ងៃទី ២៨-ខែវិច្ឆិកា-ឆ្នាំ២០១៩ វេលាម៉ោង០៧និង១៥នាទី ក៏មានគេផ្ញើរូបថតវីដេអូអា សអាភា សរបស់ជនរងគ្រោះតាមប្រព័ន្ធ Messenger Facebook ទៅទូរស័ព្ទដៃជនរងគ្រោះ រួចជនរងគ្រោះសួរគេប្រាប់ថា បានរូបថតវីដេអូនេះពីក្នុងគ្រុប Messenger Facebook ដែលជនសង្ស័យ បង្ហោះចូលកន្លងមក ។ រហូតដល់ម៉ោង១៨និង០០នាទីថ្ងៃដដែល ជនរងគ្រោះ និងក្រុមគ្រួសារណាត់ជួបជនសង្ស័យនៅក្នុងវត្តនិរោធ រួចក៏នាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលនិរោធ ធ្វើការសាកសួរ ហើយបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅបន្ត ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញខណ្ឌច្បារអំពៅសាកសួរ និងកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ