បង្ក្រាបទីតាំងលួចធ្វើស្លាកលេខក្លែងក្លាយ និងឃាត់ខ្លួនមនុស្សចំនួន៦នាក់ នៅខណ្ឌដូនពេញ
ស៊ីហៀង
-

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងនគរបាលបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចធ្វើស្លាកលេខក្លែងក្លាយ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សចំនួន៦នាក់ និងដកហូតបានស្លាកលេខក្លែងក្លាយជាច្រើន ព្រមទាំងឧបករណ៍សម្រាប់ធ្វើស្លាកលេខមួយចំនួនទៀតផងដែរ។

លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទើបក្រុមកម្លាំងនគរបាលបានចុះបង្រ្កាបទីតាំងធ្វើស្លាកលេខក្លែងក្លាយនេះ បានបង្ក្រាបនៅកន្លែងផ្សេងគ្នាក្នុងមូលដ្ឋានខណ្ឌដូនពេញ។ ក្រោយធ្វើការបង្ក្រាប កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៩នាក់ និងស្លាកលេខក្លាយក្លែង មានទាំងស្លាកលេខធម្មតា នគរបាល និងខេមរភូមិន្ទ ជាច្រើនសន្លឹក ព្រមទាំងកុំព្យូទ័រ ម៉ាស៉ីនសម្រាប់កាត់អក្សរផងដែរ។

លោកអធិការបានបន្ដទៀតថា បន្ទាប់ពីបញ្ចប់ការសួរនាំ ជនសង្ស័យនឹងត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕