បន្លំខ្លួនធ្វើជាមន្រ្តីកាកបាទក្រហម ដើរបោកប្រាស់ប្រជាពលរដ្ឋស្លូតត្រង់យកមាសទៅបាត់ ចុងក្រោយចូល...
ស៊ីហៀង
-

បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបន្លំខ្លួនធ្វើជាមន្រ្តីកាកបាទក្រហមដើរបោក ប្រជាពលរដ្ឋស្លូតត្រង់ ដោយការយកមាសពីប្រជាពលរដ្ឋ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុច ភូមិ ចុងបឹងក្នុង ឃុំ ព្រែកដំបូក ស្រុក ស្រីសន្ធរ ខេត្ត កំពង់ចាម​ ។

ជនរងគ្រោះមានឈ្មោះថា ចាន់ សំអឿន ភេទស្រី អាយុ ៧១ ឆ្នាំរស់នៅភូមិ ចុងបឹងក្នុង ឃុំ ព្រែកដំបូក ស្រុក ស្រីសន្ធរ ខេត្ត កំពង់ចាម​ ។ ចំណែក នៅក្នុងជនឆបោកមានឈ្មោះថា នី ហារិទ្ធី ភេទប្រុស អាយុ ៤៦ ឆ្នាំ រស់នៅភូមិ ទីខ១ សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ និងមានស្រុកកំណើតនៅឃុំ ឆ្លូង ស្រុក ស្នួល ខេត្ត ក្រចេះ ។

ជនរងគ្រោះបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ថ្មីៗនេះ មានបុរសម្នាក់បានបន្លំខ្លួនធ្វើជាមន្រ្តីកាកបាទក្រហម ដើរស្រង់ឈ្មោះជនក្រីក្រដើម្បីចែក អំណោយ ។​ ក្រោយពីបានឃើញស្រ្តីចំណាស់ម្នាក់នៅតែម្នាក់ឯង ក៏ប្រើល្បិចអោយស្រ្តីនោះដោះចិញ្ចៀនមាសពីដៃ ក្រោយពេលនិយាយបានមួយភ្លែត ជនសង្ស័យរូបនោះ ក៏បានឆក់យកចិញ្ចៀនរួចឡើងម៉ូតូគេចខ្លួនតែម្តង។ 

ក្រោយពេលកើតហេតុគាត់ក៏បានដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវស្វែងរក លុះដល់ថ្ងៃទី០៦ ក៏ចាប់បានតែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និង ចាត់ការតាមនីតិវិធីច្បាប់៕