ខ្ពស់ណាស់ ធំណាស់ ទង់ជាតិខ្មែរ ! អបអរសាទរ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ម្ចាស់មេដាយមាស ស៊ីហ្គេម៣ជំនាន់ និងប្រវត្តិប្រកួតអន្តរជាតិ
ស៊ីហៀង
-

CAMSOC៖ វីរកីឡាការិនីតេក្វាន់ដូWT ស៊ន សៀវម៉ី គឺជាម្ចាស់មេដាយមាស៣ជំនាន់ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (South East Asian Games) SEA GAMES រៀងរាល់២ឆ្នាំម្តង រាប់តាំងពីស៊ីហ្គេម ឆ្នាំ២០១៣ មកដល់ ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

កីឡាការិនី ស៊ន សៀវម៉ី កើតថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ១៩៩៥ កម្ពស់ ១,៨៣ម៉ែត្រ មានបងប្រុសឈ្មោះ ស៊ន អេលីត និងបងស្រី ស៊ន ដាវីន ដែលជាអតីតកីឡាករ កីឡាការិនីជម្រើសជាតិតេក្វាន់ដូដូចៗគ្នា។ មុនពេលឈានដល់មេដាយមាសក្នុងប្រវត្តិស៊ីហ្គេម កីឡាការិនី ស៊ន សៀវម៉ី ធ្លាប់ឈ្នះមេដាយសំរឹទ្ធ១គ្រឿង កាលពីស៊ីហ្គេម លើកទី២៦ ឆ្នាំ២០១១ នៅប្រទេសឥណ្ឌូណេស៊ី លើវិញ្ញាសា ៥៦-៦២គីឡូក្រាម។ 

ស៊ីហ្គេម លើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៣ សៀវម៉ី ឈ្នះមេដាយមាស១គ្រឿង (67-73kg)។ ស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ សៀវម៉ី ឈ្នះមេដាយមាស១គ្រឿង (67-73kg) និងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ ដែលទើបបញ្ចប់នាយប់ថ្ងៃទី៨ ខែធ្នូនេះ ស៊ន សៀវម៉ី ប្រកួតឈ្នះកីឡាការិនីម្ចាស់ផ្ទះ ហ្វីលីពីន ALORA KIRSTIE ELAINE នៅវគ្គផ្តាច់ព្រ័ត្រ ដោយឈ្នះ៣ពិន្ទុ ក្នុងម៉ោងបន្ថែម១នាទី (Golden Round) បន្ទាប់ពីកីឡាការិនីទាំងពីរនាក់មានពិន្ទុស្មើគ្នា ៩ទល់៩ ក្នុងការប្រកួតទាំង៣ទឹក។ មុនជួបម្ចាស់ផ្ទះនៅវគ្គផ្តាច់ព្រ័ត្រ សៀវម៉ី បានប្រកួតឈ្នះកីឡាការិនីវៀតណាម LAM THI HA THANH ក្នុងពិន្ទុដាច់ឆ្ងាយ ២៥ទល់១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ដូច្នេះ ក្នុងចំណោម ស៊ីហ្គេម ៥លើក កីឡាការិនីដ៏ឆ្នើមរបស់កម្ពុជារូបនេះដណ្តើមបានមេដាយចំនួន៤គ្រឿង គឺមេដាយមាស៣ និងសំរឹទ្ធ១ រំលងតែស៊ីហ្គេម ២០១៥ ប៉ុណ្ណោះ។

ក្រៅពីព្រឹត្តិការណ៍ស៊ីហ្គេម កីឡាការិនីតេក្វាន់ដូ WT ដ៏មានប្រជាប្រិយភាពរូបនេះ ធ្លាប់បានកសាងប្រវត្តិសាស្ត្រដ៏ធំធេងជូនជាតិផងដែរ ក្នុងកម្រិតទ្វីបអាស៊ី ដោយគេនៅចាំបានថា កីឡាអាស៊ី (ASIAN GAMES) ឆ្នាំ២០១៤ នៅអ៊ីនឈុន សាធារណរដ្ឋកូរ៉េ នាងបានប្រកួតឈ្នះមេដាយមាសជាលើកដំបូងរបស់ប្រទេសកម្ពុជា ចាប់តាំងពីការចូលរួមកីឡាអាស៊ី តាំងពីឆ្នាំ១៩៥៤ ដែលជាការបំបែកកំណត់ត្រាប្រវត្តិសាស្រ្តរយៈពេល ៦០ឆ្នាំរបស់កម្ពុជា (២០១៤)។ ពេលនោះ សៀវម៉ី បានយកឈ្នះគូប្រកួតរបស់ខ្លួនលើកីឡាការិនីពីអ៊ូសបេគីស្ថាន ដោយពិន្ទុ ២៩ទល់៧ ហើយបន្តយកឈ្នះគូប្រជែងហ្វីលីពីន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៦-៥ រួចបន្តយកឈ្នះគូប្រជែងអ៊ីរ៉ង់ ដោយលទ្ធផល ៧-៤ នៅវគ្គផ្តាច់ព្រ័ត្រ ហើយបានក្លាយជាកីឡាការិនីកម្ពុជាដំបូងគេ ដែលបានឈ្នះមេដាយមាស កីឡាអាស៊ី តាំងពីឆ្នាំ១៩៥៤។នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី សៀវម៉ី បានធ្លាក់ចេញត្រឹមវគ្គជម្រុះ។

ដោយឡែកនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកហ្គេម ដែលជាកីឡាកម្រិតខ្ពស់ក្នុងពិភពលោក កីឡាការិនី ស៊ន សៀវម៉ី គឺជាបេក្ខភាពពេញសិទ្ធិតែមួយគត់របស់កម្ពុជា ក្នុងការប្រកួតឈ្នះវគ្គជម្រុះប្រចាំទ្វីបអាស៊ី ហើយបានទៅចូលរួមប្រកួត ក្នុងអូឡាំពិកហ្គេម នៅឆ្នាំ២០១៦ នៅក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ដោយសារតែការចូលរួមរបស់កម្ពុជា ក្នុងអូឡាំពិកហ្គេម កន្លងទៅនោះ គឺជាការចូលរួមតាមការអញ្ជើញ ក្នុងកម្រិតសិទ្ធិអនុគ្រោះពីអន្តរជាតិតែប៉ុណ្ណោះ៕