នេះបើយោងទៅតាមគណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា Dana Try បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ឃើញផ្ទាល់ហើយ ពិតជារំជួលចិត្តខ្លាំងណាស់! ទឹកចិត្តគ្រូបង្រៀន ចាត់ទុកខ្លួនឯង ដូចជាម្ដាយ ស៊ូដើរចម្ងាយ ៥គីឡូម៉ែត្រកាត់វាលខ្សាច់ដើម្បីអនាគតក្មេងៗ។ មើលតែជើងគាត់ក៏មានអារម្មណ៍ថាអាណិតខ្លាំង ស្ទើរខ្លោចអស់ទៅហើយ។ កណ្ដាលថ្ងៃក្ដៅ ដើរលើវាលខ្សាច់ តើក្ដៅប៉ុណ្ណា?

ថ្ងៃនេះ ខ្ញុំបានឱ្យបុគ្គលិកទៅមើលស្ថានភាពផ្ទាល់ ទាំងផ្ទះរបស់អ្នកគ្រូ ម៉ៅ និងសាលាដែលគាត់បង្រៀន ឃើញថាពិបាកខ្លាំងមែន។ ដំបូងខ្ញុំថា ជួយម៉ូតូមួយគ្រឿង តែដោយសារឃើញស្ថានភាពខ្វះខាតខ្លាំង ខ្ញុំនឹងបន្ថែមរបស់របរប្រើប្រាស់ សំលៀកបំពាក់ និងស្បែកជើងមួយចំនួនទៀត ជូនគាត់ ព្រមទាំងម្ដាយដែលចាស់ជរា។

ក្មេងៗសិស្សសាលា ក៏ខ្ញុំជួយដែរ ជាសម្ភារៈសិក្សា និងសំលៀកបំពាក់ខ្លះៗ ដោយសង្ឃឹមថាប្អូនៗនឹងតស៊ូក្នុងឆាកជីវិតរហូតទទួលបានជោគជ័យ។ ជីវិតយើងលំបាកថ្ងៃនេះ មិនប្រាកដថាថ្ងៃមុខ យើងនៅដដែលទេ ឱ្យតែមានការតស៊ូ អ្វីៗនឹងប្រសើរឡើង។ថ្ងៃស្អែក ខ្ញុំនឹងដឹកម៉ូតូ ហើយនិងរបស់របរប្រើប្រាស់ទៅជូនគាត់ដល់សាលារៀនហើយ ដើម្បីជំរុញការតស៊ូរបស់អ្នកគ្រូ និងសិស្សៗទាំងនេះ រហូតឃើញអនាគតដ៏ត្រចះត្រចង់។






