(ម៉ានីល)៖ កាលពីថ្ងៃម្សិលមិញនេះ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ខកខានទទួលបានមេដាយសំរឹទ្ធ ក្រោយចាញ់គូប្រជែង U22 របស់មីយ៉ាន់ម៉ា ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-៥ បន្ទាប់ពីប្រកួតពេញម៉ោង ៩០នាទីស្មើគ្នា ២-២ នៅព្រឹត្តិការណ៍កីឡា SEA Games 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Rizal Memorial ដែលស្ថិតក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីននារសៀលថ្ងៃអង្គារ ទី១០ ខែធ្នូនេះ កម្ពុជាបានបើកការនាំមុខ ១-០ ត្រឹមចាប់ផ្តើមលេងបានតែ ១៨វិនាទីប៉ុណ្ណោះដោយកីឡាករ សៀង ចន្ធា មុនពេលកីឡាករ កែវ សុខផេង ពាក់លេខ១៤ ជួយឲ្យកម្ពុជាតាមស្មើ ២-២ នៅនាទីទី៧២ ដោយបាល់ហ្វ្រីឃីក មុនពេលឈានដល់កាត់ទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ១១ម៉ែត្រ ក្នុង ១ក្រុម ទាត់ ៥នាក់ ដោយសម្រេចជាលទ្ធផល កម្ពុជា ទាត់ចូល ៤គ្រាប់ ជាមួយនឹងគ្រាប់ទី៥ កាត់សេចក្តី កែវ សុខផេង ទាត់អត់ចូល គ្រាដែល U22 មីយ៉ាន់ម៉ា នាំមុខ ៥គ្រាប់មុនទៅហើយនោះ។

បន្ទាប់ពីការប្រកួតបានបញ្ចប់ ក៏មានប្អូនខ្មែរជាច្រើន បានធ្វើការលើកទឹកចិត្ត ដល់កីឡាករ ពិសេសគឺគ្រូបង្វឹកផ្ទាល់ក៏បានជួយលើកទឹកចិត្តដល់កីឡាករ កែវ សុខផេង ផងដែរ។ គ្រាដែលកំពុងតែមានបងប្អូនជាច្រើន កំពុងតែលើកទឹកចិត្ត យ៉ាងច្រើនកុះករនោះ ស្រាប់តែ កីឡាករ កែវ សុខផែង បានបង្ហោះសារ ស្តីបន្ទោសខ្លួនឯងថា "កំហុសគ្រប់យ៉ាងមកពីរូបខ្ញុំ?"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនបានចូលខមិន លើកទឹកចិត្ត ដល់កីឡាករ កុំឲ្យបាក់ទឹកចិត្ត ការប្រកួតមានចាញ់មានឈ្នះ ជារឿងធម្មតា យ៉ាងណាក៏ប្អូនបានប្រឹងអស់ពីកំលាំងកាយចិត្តហើយ៕









ប្រភព៖Keo Sokpheng - កែវ សុខផេង