ហានិភ័យខ្លាំងណាស់...ក្រសួងមហាផ្ទៃ ចាប់បាន ប៊ីចេងក្លែងក្លាយ សរុបប្រមាណជាង៤តោន...
-

 ថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩ ឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គបផក) បានបញ្ជាអោយលោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា ប្រធានក្រុមប្រតិបត្តិការពិសេសរបស់(គបផក)ចុះសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធដោយមានការសំរបរំរួលនីតិវិធីពីព្រះរាជ្ញានៃអយ្យការសាលាដំបូងរាជធានីភ្នំពេញលោក កែវ សុធា ចុះបង្ក្រាបទីតាំងលួចផលិត វេចខ្ចប់ និងចែកចាយប៊ីចេងក្លែងក្លាយមួយកន្លែងនៅផ្ទះលេខ៧២អា ៧២បេ ផ្លូវ១០៨សេ ភូមិថ្នល់បំបែកសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញដែលមានម្ចាស់ឈ្មោះ អ៉ីវ សារិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ។ ជាលទ្ធផលបានរកឃើញ ប៊ីចេងទាំងមិនទាន់វេចខ្ចប់និងវេចខ្ចប់រួចសរុបប្រមាណជាង៤តោន ។

ក្រោយការរកឃើញនេះព្រះរាជ្ញាបានបញ្ជាអោយមន្ត្រីនគរបាលយុត្តិធម៌(គបផក)នាំម្ចាស់ទីតាំងទៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយស្ថិតក្នុងបរិវេណស្នងការនគរបាលរាជធានីភ្នំពេញដើម្បីអនុវត្តបន្តនីតិវិធីទៅតាមផ្លូវច្បាប់ ។

ឆ្លៀតក្នុងឪកាសនោះលោកឧត្តមសេនីយ៍ទោ ទូច យុទ្ធាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនិងមហាជនទាំងអស់សូមចូលរួមជួយផ្តល់ព័ត៍មានដល់លោកដើម្បីឈានទៅបង្ក្រាបបន្តទៀត តាមរយះលេខទូរស័ព្ទ ០១៥ ៥៨ ១៣ ១៣ ។

ប្រភព៖​អ្នកប្រុស ថារ៉ាន់