បើនិយាយពីម្ហូបអាហារ បង្អែម នៅស្រុកខ្មែរយើង តាំងពីបុរាណមក គឺមានច្រើនមុខ ច្រើនប្រភេទណាស់ ហើយរស់ជាតិឈ្ងុយឆ្ងាញ់ ជាច្រើនមុខ។ បើនិយាយពី "នំអង្គុញអណ្តែត" បងប្អូនជាច្រើន ប្រាកដជាមិនស្គាល់នោះទេ ថានំនេះមានរូបរាងបែបណា ហើយឈ្ងុយឆ្ងាញ់យ៉ាងណានោះ ព្រោះថានាពេលបច្ចុប្បន្ន បងប្អូនខ្មែរជាច្រើន បានស្គាល់នោះ គឺជានំនំបាញ់ចានឿក ដែលនំនេះត្រូវបានគេហៅតៗគ្នា តាមសំនៀងភាសាវៀតណាមទៅវិញ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ឃឹម ហ្វីណង់ - Khim Finan បានបង្ហោះឲ្យដឹងថា "សូមណែនាំអោយស្គាល់ “នំអង្គុញអណ្តែត” គាំទ្រទេប្រសិនបើយើងនាំគ្នាហៅនំនេះថា“នំអង្គុញអណ្តែត” ជាជាង “នំបាញ់ចានឿក” ដែលមិនមែនជាភាសាខ្មែរ? ខ្ញុំបានជួបបងប្រុសម្នាក់ ជាចុងភៅនិងអ្នកស្រាវជ្រាវម្ហូបអាហារមួយរូបនៅបន្ទាយស្រី ហើយគាត់បានធ្វើនំអង្គុញអណ្តែតនេះអោយខ្ញុំហូប។ គាត់ក៏បានបង្ហាញពីរូបមន្តបង្អែមនេះ ដោយផ្អែកលើសៀវភៅធ្វើម្ហូបខ្មែរមួយ ដែលបានបោះពុម្ភតាំងពីឆ្នាំ១៩៤៣។ មានពេលខ្លះ សូម្បីតែចំណេះដឹងដែលមានហើយក៏ត្រូវរៀនអោយត្រូវឡើងវិញដែរ។ អរគុណសំរាប់ចំណេះដឹងមួយនេះ! ❤️។

*** បញ្ជាក់: ឈ្មោះនំអង្គុញអណ្តែតដោយសាររាងវាដូចអង្គុញ(អង្គញ់) ហើយពេលឆ្អិនទើបវាអណ្តែត ហើយតំបន់ខ្លះគេហៅថានំក្រឡោជី (មាននៅក្នុងវចនានុក្រម)។ ខ្ញុំមិនបានអះអាងថាវាជារបស់ខ្មែរផ្តាច់មុខនោះទេ ព្រោះម្ហូបអាហារច្រើនមានដូចៗគ្នាទៅតាមតំបន់ តែហៅឈ្មោះផ្សេងៗគ្នា(ដូចករណី ណែម គង់ ចាយ៉ spring roll ជាដើម) ហើយកម្រជាកម្មសិទ្ធិផ្តាច់មុខរបស់វប្បធម៌ណាមួយណាស់។ ខ្ញុំគ្រាន់តែចង់បញ្ជាក់ថាខ្មែរយើងមានដែរ យ៉ាងហោចណាស់ក៏តាំងពីឆ្នាំ១៩៤៣ដែរ តែយើងបំភ្លេចវាចោលដោយខ្លួនឯង គប្បីយកខេមរភាសាមកប្រើជំនួសអោយការប្រើប្រាស់ភាសាបរទេស។សូមណែនាំអោយស្គាល់ “នំអង្គុញអណ្តែត”។




ប្រភព៖ ឃឹម ហ្វីណង់ - Khim Finan