បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ស្ថានទូតជប៉ុននៅកម្ពុជា បានរៀបរាប់ឲ្យដឹងថា "“ពិធីសម្ពោធគម្រោងសាងសង់អគារសាលាមត្តេយ្យចំនួន ៨ កន្លែងក្នុងខេត្តកំពត” ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាលាមត្តេយ្យថ្មីចំនួន ៨ កន្លែង ដែលត្រូវបានសាងសង់ដោយអង្គការក្រៅរដ្ឋាភិបាលបារាំង ពិភពកុមារ និង អភិវឌ្ឍន៍ (PE&D) ក្រោមជំនួយឥតសំណងរបស់ជប៉ុន "KUSANONE" បានប្រារព្វឡើងនៅសាលាមត្តេយ្យសហគមន៍បរក្នុង ខេត្តកំពត កាលពីថ្ងៃទី ១៩ ខែធ្នូ។ ឯកឧត្ដមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង ភ្ញៀវជាច្រើន បានចូលរួមក្នុងពិធីនេះ។

ជំនួយគូសាណូណិ ផ្តល់ជូនអគារសាលាមត្តេយ្យ បរិក្ខារអនាម័យនិងសួនកុមារសម្រាប់សាលាមត្តេយ្យចំនួន ៨ កន្លែង។ គម្រោងនេះត្រូវបានរំពឹងថានឹងពង្រីកលទ្ធភាពក្នុងការទទួលបានការអប់រំសម្រាប់កុមារតូចៗប្រកបដោយគុណភាពខ្ពស់ហើយការអប់រំនេះនឹងរួមចំណែកដល់អនាគតល្អប្រសើរសម្រាប់កុមារនៅតំបន់ជុំវិញ។

ជាការពិតណាស់ ប្រទេសជប៉ុន បានផ្តល់ជំនួយជាច្រើន ដល់កម្ពុជា មិនថាវិស័យអប់រំ វិស័យកសិកម្ម ឧស្សាហកម្ម គឺខាងជប៉ុនបានជួយដល់កម្ពុជា ដោយមិនទាមទារសំណងពីខ្មែរយើងវិញទេ៕





ប្រភព៖ Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា