ភ្នំពេញ៖ ទីបំផុតលោក សារុន វិធុរ៉ាក់ ថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួរស្រូវ ដែលត្រូវជាកូនប្រុសរបស់តំណាងរាស្ដ្រមណ្ឌលតាកែវ រួមនិងបក្ខពួក ត្រូវបាន លោក ឯក ប៉ូលីល្វីល ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នហើយ ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្ សាយ៉ាងធ្ងន់ធ្ងរលើគ្រូបង្រៀនវិទ្យាល័យប្រាសាទ។

ជាមួយគ្នានោះផងដែរ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចចោទប្រកាន់ លោក សារុន វិធុរ៉ាក់ រួមទាំងបក្ខពួក ពីបទ«ប្រើហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស» ទៅលើគ្រូបង្រៀនលោក អ៊ឹម សិរីរដ្ឋ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ដោយម្ចាស់ស្ថានីយ៍ប្រេងរូបនោះបានចោទថា លោកគ្រូបានចូលទៅក្នុងបន្ទប់ស្រី ហើយបានលួចថតថែមទៀតផង។ គួរបញ្ជាក់ផងដែរថា លោក សារុន វិធុរ៉ាក់ ថែមទាំងបង្ហោះវីដេអូ និងរូបភាព លើកមេដៃជាមួយរូបគ្រូបង្រៀន ដោយចងដៃទៅក្រោយ និងចាប់បោចសក់ នៅលើបណ្ដាញសង្គម Facebook ទៀតផង ដែលធ្វើឱ្យមហាជនជាច្រើនរិះគន់យ៉ាងចាស់ដៃ ចំពោះការប្រើអំពើហិង្ សាខុសច្បាប់៕
