កំពត ៖ កាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងកំពតចាប់ឃាត់ខ្លួន ពាក់ព័ន្ធចូលលួចយកទ្រព្យសម្បត្តិនៅក្នុងមន្ទីរពេទ្យខេត្ត ស្ថិតភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត។ជនរងគ្រោះឈ្មោះរៀម ភ័ក្រ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំភូមិសំរ៉ុងកណ្តាល ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរនេសាទ បានមកមើលថែប្រពន្ធសម្រាលកូននៅអគារសម្ភពនៃមន្ទីរពេទ្យខេត្តកំពត ហើយបានដេកលក់ លុះភ្ញាក់ដឹងខ្លួនស្រាប់តែបាត់បង់ទ្រព្យសម្បត្តិមួយចំនួន ខ្សែកមាសខ្សែទម្ងន់២តម្លឹង ៦ជី ម៉ូដច្រវ៉ាក់ឆាប បន្តោងយុថ្កា, ប្រាក់រៀលចំនួន៤.០០០.០០០(បួនលាន)រៀល និងកាបូបស្ពាយចំហៀង១ ពណ៌ខៀវទឹកប៊ិច(កាបូបក្រណាត់) ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ស្រ្តីដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមានឈ្មោះថា ឈឹម ផល្លា អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត (ចាប់នៅភូមិធាយ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត) ។ ក្នុងនោះសមត្ថកិច្ចដកហូតបានប្រាក់ចំនួន ៦១០ដុល្លារ , ប្រាល់រៀល ៥៥០,០០០រៀល និងកាបូបពណ៌ខៀវ ១ ខ្សែដៃលោហៈធាតុ ពណ៌ទឹកមាស១ខ្សែ ។

ដោយឡែកបើយោងតាមស្រ្តីដែលជាជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តមែន ភ្លាមនោះជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់៕