ជនជាតិចិនពីរនាក់ ប្រើល្បិច ម្នាក់ធ្វើជាសួរនេះសួរនោះដល់ម្ចាស់ផ្ទះ ម្នាក់ទៀតលួចចូលក្នុងផ្ទះ កកាយទូរក្នុងបំណងលួចទ្រព្យសម្បត្តិ ក៏ស្រាប់តែ...
-

កណ្ដាល៖ នគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនជនសង្ស័យដែលជាជនជាតិចិនចំនួនពីរនាក់ ពីបទប៉ុនប៉ងលួច កាលពីវេលាម៉ោង ១៤និង២៤នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចរោងម៉ាស៊ីនកិនស្រូវ ហ៊ុន ជុងហេង ស្ថិតក្នុងភូមិព្រែករការ ឃុំព្រែករការ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។

ជនសង្ស័យទាំងពីរនាក់នោះមានឈ្មោះថា Sun ming lin ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន និងទី២.ឈ្មោះ Long chang ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ។ ជនសង្ស័យទាំង២នាក់ បច្ចុប្បន្នស្នាក់នៅផ្ទះសំណាក់យីហោZhe shang រាជធានីភ្នំពេញ។ រីឯ ជនរងគ្រោះមានឈ្មោះថា ញឹប ស៊ីថា ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។

សមត្ថកិច្ចប្រាប់ថា ​នៅមុនពេលកើតហេតុ បុរសជនជាតិចំនួនពីរនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្ស៊ូគីវីវ៉ា ពណ៌ខ្មៅ មកឈប់នៅមុខរោងម៉ាស៊ីនកិនស្រូវ របស់ជនរងគ្រោះ រួចជនសង្ស័យម្នាក់ក៏បានដើរចូលទៅដល់ក្នុងបន្ទប់ ស្រាប់តែជនរងគ្រោះបានឃើញ ក៏សួរនាំ ភ្លាមនោះជនសង្ស័យក៏បានចង្អុលទៅកន្លែងម៉ាស៊ីនកិនស្រូវ និងចង្អុលទៅគំនរប៉ាវអង្ករ ខណៈពេលកំពុងជូនម្នាក់ទៅមើលអង្ករ ក៏មានជនសង្ស័យម្នាក់ទៀតដើរចូលទៅរើកកាយទូ ភ្លាមនោះក៏ត្រូវបានប្តីរបស់ជនរងគ្រោះមកទាន់ ក៏ស្រែកសួរទៅជនសង្ស័យ ភ្លាមនោះជនសង្ស័យឈ្មោះ long chang បានរត់ពីរោងម៉ាស៊ីនខាងក្រោយ សំដៅមកកន្លែងដាក់ម៉ូតូ រួចបំរ៉ុងឡើងជិះម៉ូតូរត់គេចខ្លួន តែត្រូវប្តីរបស់ជនរងគ្រោះធាក់ម៉ូតូដួល ហើយស្រែកឆោឡោថា ចោរ ឮដល់ប្រជាពលរដ្ឋជិតខាង នាំគ្នាជួយស្ទាក់ចាប់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការ ។

វត្ថុតាងដកហូតបានមាន៖ ម៉ូតូមួយគ្រឿងម៉ាកហ្ស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FE- 2379 ,ទូរស័ព្ទដៃ២គ្រឿង ,ម៉ាក iPhone x ពណ៌ខ្មៅ១គ្រឿង ,ម៉ាក iQOO ពណ៌ខ្មៅ១គ្រឿង ,នាឡិកាដៃ១ ,កូនសោ២គ្រាប់ ,បង្កាន់ដៃទិញលក់ ម៉ូតូមួយសន្លឹក ,ប្រាក់ដុល្លារចំនួន២៥០ដុល្លារ និងប្រាក់រៀល ចំនួន២០,០០០រៀល ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញកសាងសំណុំរឿង បញ្ជូនមកស្នងការដ្ឋានននគរបាលស្រុក ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕