ម៉ែអាលឿនហើយ...ដើរទៅញុាំអីជាមួយភរិយាមួយភ្លែតសោះ ចេះតែឆ្ងល់ថាកាបូបប្រពន្ធស្រាលម្ល៉េះ លុកដៃរកទូរស័ព្ទ អត់ឃើញ ងាកចុះ ងាកឡើង ស្រាប់តែឃើញចោរស្រី កំពុងតែដាក់ទូរស័ព្ទក្នុងកាបូបខ្លួនបាត់...
-

ភ្នំពេញ៖ កាលពីវេលាម៉ោង ៧និង១៥នាទីយប់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៩ ក្នុងផ្សារអ៉ីអន ផ្លូវសុធារស ភូមិ៨ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ ជនសង្ស័យជាស្ត្រីម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចទូរសព្ទរបស់បុរសម្នាក់បានសម្រេច ។ 

ជនរងគ្រោះមានឈ្មោះថា បាន វាសនា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកខុនដូដឺព្រីត ស្នាក់នៅផ្ទះលេខ១៥ ផ្លូវ១៣ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ចំណែកជនសង្ស័យមានឈ្មោះ សេង ស្រីហេង ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួមនិងវត្ថុតាង ដែលសមត្ថកិច្ចដកហូតបានរួមមាន ទូរសព្ទដៃ២គ្រឿង ម៉ាកអុបប៉ូ និងស៊ាំសុង (ប្រគល់ឲ្យម្ចាស់ដើមវិញ) ។

បើតាមចំលើយរបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានចេញពីផ្ទះជាមួយភរិយា ទៅផ្សារអ៊ីអន ជនរងគ្រោះបានយកកាបូបស្ពាយរបស់ប្រពន្ធ ពណ៌ផ្កាឈូក មកស្ពាយពាក់ឈាង ហើយដើរទៅរកអីហូបនៅក្នុងផ្សារអ៊ីអន ជាន់ផ្ទាល់ដី លុះមួយសន្ទុះក្រោយមកស្រាប់តែមានអារម្មណ៍ថាស្រាលកាបូប ទើបបើកមើលក៏ដឹងថាបាត់ទូរសព្ទ២គ្រឿង លុះក្រលេកក្រោយឃើញជនសង្ស័យកំពុងយកទូរសព្ទដាក់កាបូប សង្ស័យក៏ស្ទុះទៅមើលទើបដឹងថាជាទូរសព្ទរបស់ខ្លួន ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួនតែម្តង។

បើចំលើយសារភាពរបស់ជនសង្ស័យ បានប្រាប់ថា ខ្លួនពិតជាបានលួចយកទូរស័ព្ទពិតមែន។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕