កណ្តាល៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនិងករណីលួចយកលុយអតិថិជន ទៅចូលខារាអូខេ ផឹកស៊ី ច្រៀងរាំយ៉ាងសប្បាយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង១៥នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចគ្រឹះស្ថានមាគាហ្វាយនែន(ម.ក) ភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យមានឈ្មោះថា ធន់ ឧត្តមបញ្ញាសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីឥណទាន មានស្រុកកំណើត ភូមិព្រែកយួន ឃុំកៀនជ្រែ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិ-ឃុំកើតហេតុ (ឃាត់ខ្លួន)។
ចំណែកជនរងគ្រោះមានឈ្មោះថា គង់ សុភា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយកសាខាគ្រឹះស្ថានមាគាហ្វាយនែន(ស្អាង) ទីលំនៅភូមិព្រែក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន សោរលេខ៨mm ចំនួន០២ដើម, ដងតួនឺវីសផ្សារ ជាប់ប្រដាប់ដោះក្បាលប៊ូសុីចំនួន០១, សោរតេ(ប្រដាប់កាច់កម៉ូតូ)ចំនួន០២, សោរម៉ូតូចំនួន០៣គ្រាប់,កូនកាំបិតសំរាប់ចិតបន្លែចំនួន០១, កាបូបដៃពណ៌ខ្មៅចំនួន០១, កាតគ្រីម៉ូតូចំនួន០១, កាតអេធីអុីមចំនួន០១ និងកាតាបស្ពាយពណ៌ខ្មៅចំនួន០១។

សភាពរឿងហេតុ៖ នៅថ្ងៃទីខែឆ្នាំវេលា ម៉ោងកើតហេតុជនសង្ស័យបានសុំច្បាប់ទៅមេីលយាយឈឺនៅឯខេត្តកំពង់ចាមចំនួន១ល្ងាច។ លុះថ្ងៃទី២៦.១២.២០១៩ មិនឃេីញឈ្មោះខាងលេី មកធ្វេីការទេ រហូតដល់ម៉ោង៩.១០នាទីស្រាប់តែមានអតិថិជននៅស្រុកកោះធំបានតេទូរស័ព្ទមកជនរងគ្រោះ ថាថ្ងៃណាបានចេញលុយឲ្យអថិតិជន ពេលនោះជនរងគ្រោះ បានឲ្យអ្នក គ្រប់គ្រងផ្នែកគណនេយ្យចូលឆែកមេីលអតិថិជនថា តេីអតិថិជនបានបង់លុយឬនៅ ពេលត្រួតពិនិត្យគណនេយ្យរួច ទេីបដឹងថាអតិថិជនមិនទាន់បង់លុយផ្តាច់ ពេលនោះជនរងគ្រោះបានចាត់តំណាងឈ្មោះឃឹម ជាតិនិងឈ្មោះយូរ វាសនា ទៅសួរអតិថិជននៅផ្ទះផ្ទាល់ ទេីបដឹងថាអតិថិជនពិតជាបានបង់លុយផ្តាច់អស់ហេីយដោយផ្ញេីរលុយតាមរយៈជនសង្ស័យសរុបប្រហែល១២លានរៀល។ ចាប់តាំងពីពេលនោះមកឈ្មោះធន់ ឧត្តមបញ្ញាសិដ្ឋ មិនមកធ្វេីការទេ បានបិទទូរសព្ទ័ចោលទាំងអស់។ លុះដល់ថ្ងៃទី ៣០.១២. ២០១៩វេលាម៉ោង១៨.១៥នាទីឈ្មោះ ឃឹម ជាតិ និងឈ្មោះ យូរ វានា បានចុះទៅត្រួតពិនិត្យអតិថិជន ក៏បានជួបជនសង្ស័យកំពុងដេីរប្រមូលលុយពីអតិថិជនទៀត។ ពេលនោះឈ្មោះយូរ វាសនា បានទូរស័ព្ទ ទៅប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលកំពង់កុង នាំជនសង្ស័យមកធ្វេីការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រមូលលុយពីអតិថិជនដែលបង់តាមរយៈខ្លួនប្រហែល១២លានរៀលជាងពិតប្រាកដមែន ហេីយលុយនោះខ្លួនបានយកទៅផឹកសុីនិងចូលខារ៉ាអូខេអស់ហើយ។ ករណីនេះ បានបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការបន្តតាមនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល