ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចកាច់សោម៉ូតូ តែមិនបានសម្រេច ហើយត្រូវបានប្រជាពលរដ្ឋ ចាប់ប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង ១១ និង ២០នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចសាលាពញ្ញាក្រែក ស្ថិតសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះថា លី ពិសិដ្ឋ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។ចំណែកជនរងគ្រោះមានឈ្មោះថា សុខ ទី អាយុ ២៧ ឆ្នាំ មុខរបរជាងកាត់សក់ មានទីលំនៅផ្ទះជួលក្រុម១៤ ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ជិះម៉ូតូម៉ាក NIX ពណ៌ស ពាក់សា្លកលេខ ភ្នំពេញ 1BM-8217 មកលេងផ្ទះហើយបានយកទុកក្រោមផ្ទះដោយចាក់សោយ៉ាងត្រឹមត្រូវ។

ជនរងគ្រោះបានប្រាប់ថា ម៉ូតូរបស់ម៉ាក IX ពណ៌ស ពាក់សា្លកលេខ ភ្នំពេញ 1BM-8217 មកលេងផ្ទះហើយបានយកទុកក្រោមផ្ទះ យ៉ាងត្រឹមត្រូវ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចកាច់សោម៉ូតូ តែសំណាងល្អ ដែលបងប្អូនប្រជាពលរដ្ឋ គាត់បានឃើញ ហើយក៏ជួយចាប់ប្រគល់ជូនសមត្ថកិច្ចតែម្តង ។ វត្ថុតាង ដែលដកហូតរួមមាន ទូរសព័្ទអិនចុចពិល ០១។

ក្រោយកើតហេតុ ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ប៉ុស្តិ៍ទួលសង្កែទី១ធ្វើការសាកសួរ កសាងសំណុំរឿង ដើម្បីស្រាវជ្រាវយកបក្ខពួកចាត់ការតាមនីតិវិធី៕

