កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជម្រាបជូន ឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ ឲ្យបានជ្រាបថាក្រសួងសូមធ្វើការកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលរាជធានី ខេត្តកន្លងមក ដែលបានចូលរួមជាមួយក្រសួងសុខាភិបាល ទប់ស្កាត់សេវាឯកជនខុសច្បាប់។ ទន្ទឹមនឹងនោះ យើងសង្កេតឃើញថា នៅមានសេវាសុខាភិបាល ឯកជន អ្នកប្រកបវិជ្ជាជីវៈ សុខាភិបាល ដែលមិនមានច្បាប់មួយចំនួនតូចនៅតែបន្តសកម្មភាព ដែលជាការប្រព្រឹត្តខុសច្បាប់ធ្វើឲ្យប៉ះពាល់សុវត្ថិភាព និងសុខភាពសាធារណៈធ្ងន់ធ្ងរ។

អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ទាំងអស់យកចិត្តទុកដាក់ក្នុងស្មារតីអនុវត្តតាមគោលការណ៍វិមជ្ឍការ និងវិសហមជ្ឍការ ចាត់វិធានការ លុបបំបាត់សេវាសុខាភិបាលឯកជនខុសច្បាប់ដូចបានជម្រាបជូនខាងលើ នៅតាមមូលដ្ឋានគ្រប់គ្រងរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។

គួបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ស្រ្តីពោះធំគ្រប់ខែម្នាក់បានស្លា ប់ទាំងម្តាយទាំងកូន បន្ទាប់ពីទៅសម្រាលកូននៅបន្ទប់ថែទាំជំងឺឯកជនមួយរបស់អ្នកគ្រូពេទ្យខេត្តផ្នែកសម្ភព ដោយសារពេលសម្រាលកូនរួច អ្នកជំងឺបានធ្លាក់ឈា មច្រើនពេក គ្រូពេទ្យជាអ្នកបង្កើតកូន មិនព្រមបញ្ជូនអ្នកជំងឺទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តឲ្យបានទាន់ពេលវេលា។

លោក សេង គឹមហេង ត្រូវជាប្ដីស្ត្រីរងគ្រោះ បានបញ្ជាក់ឲ្យដឹងថា ប្រពន្ធរបស់គាត់ឈ្មោះ ទុយ ចរិយា អាយុ៣១ឆ្នាំ មុខរបរជាជាងកាត់ដេរសំលៀកបំពាក់ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង កំពុងឆ្នាំង ខេត្តកំពង់ឆ្នាំង។ មុនពេលកើតហេតុ ប្រពន្ធរបស់គាត់ មានអាការៈធ្លាក់ឈាមដោយគាត់គ្រប់ខែត្រូវឆ្លងទន្លេ ភ្លាមៗគាត់ក៏បានជូនប្រពន្ធទៅពិនិត្យផ្ទៃពោះនៅបន្ទប់ថែទាំជំងឺឯកជនឈ្មោះ យឹម ផល្លា ជាគ្រូពេទ្យម្នាក់ ផ្នែកសម្ភពរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

ពេលនោះអ្នកគ្រូពេទ្យ ឃឹម ផល្លា បានបញ្ជាក់ប្រាប់ថា ប្អូនស្រីមិនអីទេ អាចសម្រាលនៅកន្លែងគាត់បាន គឺថ្លៃសេវាអស់តែមួយលានរៀលតែប៉ុណ្ណោះ។ ពេលឮដូច្នេះដោយ មានទំនុកចិត្តលើអ្នកគ្រូពេទ្យ យឹម ផល្លា ក្រុមគ្រួសារ និងប្តីស្រ្តីរងគ្រោះក៏សម្រេចចិត្តទុកប្រពន្ធឲ្យឆ្លងទន្លេនៅទីនោះតែម្ដងទៅ។

ប្តីស្ត្រីរងគ្រោះបានឲ្យដឹងទៀតថាះ ក្រោយពេលសម្រាលកូនរួច ទារកនោះអស់សង្ឃឹមបាត់ទៅហើយ ចំណែកស្ត្រីជាម្តាយក៏មានអាការៈចេះតែខ្សោយទៅៗ ដោយសារតែធ្លាក់ឈាមច្រើន ឃើញសភាពដូច្នេះ ក្រុមគ្រួសារក៏បានជំរុញឱ្យអ្នកគ្រូពេទ្យ ឃឹម ផល្លា បញ្ជូនប្រពន្ធគាត់ទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ព្រោះប្រពន្ធគាត់មិនស្រួលទេគឺកាន់តែខ្សោយទៅៗហើយ។
ពេលនោះគ្រូពេទ្យ ឃឹម ផល្លា ក៏សំរេចបញ្ជូន អ្នកជំងឺទៅមន្ទីរពេទ្យបង្អែកខេត្ត តែរឿងដែលគួរឲ្យសោកស្តាយនោះ ពេលបញ្ជូនស្រ្តីជាម្ដាយ និងទារកទៅដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង គឺហួសពេលទៅហើយ គ្រូពេទ្យខេត្តមិនអាចជួយសង្គ្រោះបានឡើយ គឺប្រពន្ធគាត់ខ្សោយណាស់ទៅហើយ និងបានស្លាប់ទាំងម្តាយទាំងកូនបន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តផងដែរ។
ភ្លាមៗនោះគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក៏បានរៀបចំបញ្ជូនសពម្ដាយ និងកូនតាមរថយន្ដសាម៉ុយ មកកាន់លំនៅដ្ឋាននៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំងទាំងយប់ ដោយមិនបានចេញជាលិខិត ស្នាមអ្វីឡើយ។