ក្មេងទំនើង បើកបរ ក្នុងស្ថានភាពស្រវឹងជោគ បើកបុកយុវតី ២នាក់ ស្លា ប់ម្នាក់ និងរបួសធ្ងន់ម្នាក់...
-

ខេត្តព្រះសីហនុ៖ កូនស្រីមន្ត្រីយោធាបម្រើការងារនៅសាលាកងទ័ពជើងទឹករាមម្នាក់ ត្រូវបានរថយន្ត របស់ក្មេងទំនើងម្នាក់ បើកបរ ក្នុងស្ថានភាពស្រវឹងជោគ បើកបុកយុវតី២នាក់ ស្លា ប់ម្នាក់ និងរបួសធ្ងន់ម្នាក់។សាច់ញាតិយុវតីរងគ្រោះ បានស្នើឲ្យមន្ត្រីសាលាដំបូងខេត្តព្រះសីហនុ ជួយរកយុត្តិធម៌ និងជួយនាំខ្លួនជនបង្ក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់ ដោយអនុគ្រោះ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅតាមឆ្នេរសមុទ្ររាម ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ប្រភពបានឲ្យដឹងថា យុវជនទំនើងដែលបើករថយន្ត ក្នុងស្ថានភាពស្រវឹងជោគនោះ ហើយបុកស្ត្រីម្នាក់ស្លា ប់ គឺជាអតីតបុគ្គលិកធនាគារមួយកន្លែង ស្ថិតក្នុងក្រុង-ខេត្តព្រះសីហនុ។

ប្រភពអះអាងថា ស្ត្រីរងគ្រោះ ដែលរងគ្រោះដល់អាយុជីវិត គឺជាកូនស្រី របស់មន្ត្រីយោធាបម្រើការងារជាចុងភៅ នៅសាលាទ័ពជើងទឹករាម ខេត្តព្រះសីហនុ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បង្កឡើងដោយរថយន្តឡង់គ្រីស័រ ៥៧០ ពណ៌ ស ហើយគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង ៥ និង៣០នាទី ល្ងាចថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២០ ក្រោយពួកគេបានបញ្ចប់ការជួបជុំផឹកស៊ីនៅឆ្នេរសមុទ្ររាម។

បច្ចុប្បន្នក្មេងទំនើង ដែលបើករថយន្តបុកយុវតីម្នាក់បានស្លា ប់ និងរបួសធ្ងន់ម្នាក់ ត្រូវបានមិត្តភ័ក្រជម្លៀសចេញពីកន្លែងកើតហេតុភ្លាមៗ..។យ៉ាងណាក៏ដោយចុះ រហូតមកដល់ពេលនេះ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅមិនទាន់បាននាំខ្លួន យុវជនបង្កគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យយុវតីម្នាក់ស្លា ប់ និងរបួសធ្ងន់ម្នាក់ យកទៅផ្តន្ទាទោសនៅឡើយទេ..។

ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ កំពុងរង់ចាំមើល ចំណាត់ការ របស់សមត្ថកិច្ចនគរបាល, កម្លាំងកងរាជអាវុធហត្ថ ជាពិសេសតុលាការខេត្តព្រះសីហនុ អនុវត្តច្បាប់មានប្រសិទ្ធភាពត្រឹមកម្រិតណា..?។ ហើយថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តក្នុងស្ថានភាពស្រវឹងជោគ បុកមនុស្សស្លា ប់នោះ នឹងត្រូវនាំខ្លួន យកទៅទទួលខុសត្រូវចំពោះមុខច្បាប់ដែរឬទេ..?៕ ប្រភព ៖ KPS BreakingNews