ចូលរួមសោកស្តាយ ! កងកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ ជាង​៧០០​នាក់​ គោរព​វិញ្ញាណ​ខន្ធ​ជន​រង​គ្រោះ​ស្លាប់​ដួល​រលំ​អគារ​៧​ជាន់​ នៅ​ខេត្ត​កែប​
-

រាជធានី​ភ្នំពេញ​៖​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដឹកនាំ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ ជាង​៧០០​នាក់​ គោរព​វិញ្ញាណ​ខន្ធ​ជន​រង​គ្រោះ​ស្លាប់​ដួល​រលំ​អគារ​៧​ជាន់​ នៅ​ខេត្ត​កែប​ជាមួយ​និង​ការ​ដាក់​បទបញ្ជា​កម្លាំង​នគរបាល​ក្រោម​ឱវាទ​ ឱ្យ​មានការ​ប្រមូលផ្តុំ​កម្លាំង​ជា​ប្រចាំ​ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​ករណី​កើតឡើង​នូវ​ឧបទ្ទវហេតុ​ណាមួយ​នោះ​ ។​ 

ការ​គោរព​វិញ្ញាណ​ខន្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​គោរព​ទង់ជាតិ​របស់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ ព្រឹក​ថ្ងៃ​ចន្ទ​ទី​០៦​ ខែមករា​ ឆ្នាំ​២០២០​ ។​ សូម​បញ្ជាក់​ថា​របាយការណ៍​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ប្រតិបត្តិការ​នៃ​ការ​រុករក​ជន​រង​គ្រោះ​ពី​គំនរ​រលំ​បាក់បែក​អគារ​៧​ជាន់​នៅ​ខេត្ត​កែប​ ត្រូវ​បាន​បញ្ចប់​នៅ​រសៀល​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០២០​ ក្រោម​ការ​ដឹកនាំ​បញ្ជា​កម្លាំង​ផ្ទាល់​ ដោយ​ សម្តេច​តេ​ជោ​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​នោះ​បាន​រក​ឃើញ​មាន​ជន​រង​គ្រោះ​ស្លាប់​ចំនួន​ ៣៦​នាក់​ និង​អ្នក​រង​របួស​ ២៣​នាក់​ ។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​លើក​ឡើង​សំដែង​ការ​ចូលរួម​រំលែក​ទុក្ខ​ ជាមួយ​ក្រុម​គ្រួសារ​សព​កម្មករ​សំណង់​ដែល​រង​គ្រោះ​បាក់​រលំ​អគារ​៧​ជាន់​នៅ​ខេត្ត​កែប​ និង​បាន​ដាក់​បទបញ្ជា​ឱ្យ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ត្រូវ​ប្រមូលផ្តុំ​កម្លាំង​ប្រចាំការ​ជា​ប្រចាំ​ដើម្បី​ត្រៀម​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ ។​ កម្លាំង​សមត្ថកិច្ច​ជា​កម្លាំង​ស្នូល​ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​បើសិន​គ្មាន​ការ​ប្រមូលផ្តុំ​កម្លាំង​ឱ្យ​បាន​គ្រប់គ្រាន់​នោះ​ទេ​ក្នុង​ករណី​ហេតុការណ៍​ណាមួយ​កើតឡើង​ គឺ​មិន​អាច​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​នោះ​ឡើយ​ ។​

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ក៏​បាន​មាន​ប្រសាសន៍​ជម្រុញ​ឱ្យ​កម្លាំង​នគរបាល​ក្រោម​ឱវាទ​ត្រូវ​បំពេញភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ជា​ពិសេស​ការងារ​ចុះ​ល្បាត​តាម​គោលដៅ​ និង​ការ​ពង្រឹង​សន្តិសុខ​ ដើម្បី​ការពារ​ សន្តិសុខ​ឱ្យ​បាន​រឹង​មាំ​ នាំ​មក​នូវ​ ស្ថិរភាព​ សុវត្ថិភាព​ ជូន​ប្រជាពលរដ្ឋ​ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ ៕ ដកស្រង់ចេញពី អគ្គស្នងការរដ្ឋានគរបាលជាតិ