កំពង់ធំ៖ សមត្ថកិច្ចចម្រុះចុះបង្រ្កាបបាន សត្វស្វាជិត១០០០ក្បាល នៅក្នុងផ្ទះស្តុកសត្វព្រៃមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ នៅក្នុងប្រតិបត្តិការនេះផងដែរ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួន ម្ចាស់អាជីវកម្មម្នាក់ដែលមានឈ្មោះថា ចេង ថែន។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្នុងការចុះបង្ក្រាបទីតាំងលួចលាក់ជួញដូរ និងលក់សត្វព្រៃនោះ គឺជាកន្លែងដែលលោក ចេង ថែន បានលួចលាក់សត្វព្រៃនិងទុកសត្វព្រៃជាយូរឆ្នាំមកហើយ ។ លោក សាយ វាសនា ព្រះរាជអាជ្ញារងខេត្តកំពង់ធំ បានប្រាប់ថា នៅក្នុងបង្រ្កាបនោះ យើងបានរំដោះសត្វព្រៃបានជិត១០០០ក្បាល ដែលឈ្មួញដែលមានឈ្មោះខាងលើនោះ បម្រុងនឹងបញ្ជូនទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាម។ ដោយនៅក្នុងប្រតិបត្តិការនេះ មានការចូលរួមពីសំណាក់មន្រ្តីរាជរដ្ឋបាលព្រៃឈើ មន្រ្តីកងរាជអាវុធហត្ថខេត្ត និងមន្រ្តីប៉ុស្តិ៍រដ្ឋបាល អាជ្ញាមូលដ្ឋាន ចុះឆែកឆេរផ្ទះស្តុកជួញដូរសត្វព្រៃនោះ៕


