ហួសចិត្ត...រថយន្តកូរ៉េដឹងឥដ្ឋបុករះម៉ូតូរ៉ឺម៉កកង់បី ៣គ្រឿងរបួសធ្ងន់ស្រាល៣នាក់ គ្មានឡានពេទ្យណាមួយមកដឹកជនរងគ្រោះ
-

ភ្នំពេញ ៖ បុរសម្នាក់បានដាក់ជើងទាំងសងខាងរងរបួសធ្ងន់ ចំណែកបុរសពីរនាក់ទៀតរងរបួសស្រាល ខណៈពេលកំពុងតែបើករុឺម៉កកង់បីខ្មែរ និងរុឺម៉កPassApp ត្រូវបានរថយន្តដឹកឥដ្ឋបុករះពីក្រោយពេញទំហឹង កាលពីវេលាម៉ោង៤ រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ។

អ្នកបើកបររថយន្តបង្កមានឈ្មោះ មឿន សម្បត្តិ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរបើកបរ ស្នាក់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-4960 បើកតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនល្មមខណៈមកដល់ចំណុចកើតហេតុដោយផ្លូវមានភាពស្ទះចរាចរណ៍បន្តិចស្រាប់តែរថយន្តជាន់ហ្រ្វាំងមិនសុីក៏ជ្រុលទៅបុករ៉ឺម៉កកង់បីឥណ្ឌា១គ្រឿង រួចរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកនឹងរ៉ឺម៉កកង់បី ២គ្រឿងទៀតបណ្ដាលឲ្យអ្នកបើកបររ៉ឺម៉កកង់បីខ្មែរម្នាក់រងរបួសធ្ងន់ ចំណែកអ្នកបើកបររ៉ឺម៉កPassApp២នាក់ទៀតរងរបួសស្រាល ។ ភ្លាមៗតៃកុងរថយន្តបង្កត្រូវបានប្រជាពលរដ្ឋជួយឃាត់ប្រគល់ឲ្យសមត្ថកិច្ចបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការបន្ត ។

ក្នុងហេតុការណ៍ខាងលើនេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បានរិះគុនទៅលើរថយន្តសាមុយខ្លាំងមែនទែន ខណៈមានជនរងគ្រោះរងរបួសធ្ងន់ធ្ងរ និងត្រូវការរថយន្តសាមុយ បែជារង់ចាំជាង១ម៉ោងពុំមានរថយន្តសាមុយណាមួយមកដឹក រហូតបងប្អូនប្រជាពលរដ្ឋដាច់ចិត្តសុំឲ្យរុឺម៉កដឹកឥវ៉ាន់ដែលធ្វើដំណើរតាមផ្លូវជួយដឹកជនរងគ្រោះទៅមន្ទីពេទ្យដោយខ្លួនឯង។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌចំការមនបានចុះទៅធ្វើការវាស់វែងយករថយន្តបង្ក និងរ៉ឺម៉កទាំង៣គ្រឿងប្រគល់ទៅឲ្យខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕