តាមការវាយតម្លៃពីអ្នកជំនាញ ក្រៅពីភាពជាជើងឯកកងទ័ពជើងទឹក សាំងកាពួរគឺជាជើងឯកខាងកងទ័ពជើងអាកាសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសនេះមានអនុភាពកងទ័ពជើងអាកាសមហិមាដោយសារខ្លួនមានយន្តហោះចម្បាំងទំនើបៗ ដែលកុម្ម៉ង់អោយអាមេរិកឌីហ្សាញតម្រូវសម្រាប់កងទ័ពខ្លួន ដូចជាប្រភេទ F-16SG ចំនួន ៦០គ្រឿង និង F-15C/D ចំនួន ៤០គ្រឿង ហើយប្រទេសនេះកំពុងក្លាយជាប្រទេសទី១ នៅតំបន់អាស៊ីអាគ្នេយ៍ដែលកុម្ម៉ង់ទិញយន្តហោះចម្បាំងទំនើបប្រភេទ F-35 ដែលល្បីខាងរ៉ាដាចាប់មិនបាន (radar-evaded)។

តែឧបសគ្គចម្បងសម្រាប់យន្តហោះចម្បាំងទាំងនេះ គឺលំហភូមិសាស្ត្ររបស់សាំងកាពួរ។ ប្រទេសនេះមានទទឹងត្រឹមតែ ២៧គីឡូម៉ែត និងបណ្ដោយត្រឹមតែ ៥០គីឡូម៉ែត។ ដូច្នេះ សម្រាប់យន្តហោះចម្បាំងប្រភេទ F-16SG ដែលមានល្បឿនលឿនរហូតដល់ទៅ ២ ៤១៤គីឡូម៉ែត/ម៉ោងនោះ វាហោះត្រឹមតែប្រហែល ១នាទី ច្បាស់ជាឆ្លងចូលដែនអាកាសប្រទេសផ្សេងទៅហើយ។ នេះហើយជាមូលហេតុដែលសាំងកាពួរសុំទីតាំងប្រទេសផ្សេងដូចជា ថៃ តៃវ៉ាន់ អាមេរិក អូស្ត្រាលី និងញូស៊ីលែនជាដើម ដើម្បីបានកន្លែងហ្វឹកហាត់។ បន្ថែមពីលើនេះទៀត អង្គភាពកងទ័ពអាកាសមួយចំនួនរបស់សាំងកាពួរក៏ត្រូវរក្សានៅប្រទេសផ្សេងៗដូចជា នៅមូលដ្ឋាន No. 130 Squadron នៅអូស្ត្រាលី, មូលដ្ឋាន No. 150 Squadron នៅបារាំង, មូលដ្ឋាន RNZAF Base Ohakea នៅញូស៊ីលែន, មូលដ្ឋាន USAF-RSAF Fighter Squadron លេខ ៤២៥ និង៤២៨ នៅអាមេរិកជាដើម។

សម្រាប់លោក ខូលីន កូស្វ៊ីលៀន (Collin Koh Swee Lean) ជាអ្នកស្រាវជ្រាវនៅ S. Rajaratnam School of International Studies យល់ឃើញថា ការពង្រាយកងកម្លាំងជើងអាកាសរបស់សាំងកាពួរដាក់នៅមូលដ្ឋានឯបរទេស គឺជាការជៀសវាងក្រែងលោមានសត្រូវវាយសង្គ្រប់ទាំងកំរោលមកលើសាំងកាពួរ ពេលនោះសាំងកាពួរនឹងមានទ័ពខ្លះនៅបរទេសសម្រាប់វាយបកវិញ។ *បញ្ជាក់៖ កម្ពុជាគ្មានយន្តហោះចម្បាំងទេ




ប្រភព៖ អាស៊ីអាគ្នេយ៍បូក - Southeast Asia Plus