Breaking News ៖ គណៈកម្មការអឺរ៉ុប នៅថ្ងៃទី១២ ខែកុម្ភៈនេះបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA គិតជាទឹកប្រាក់ជាង ១ពាន់លានដុល្លារ (១,៣ ពាន់លាន ឬ ១ពាន់លានអឺរ៉ូ) ជារៀងរាល់ឆ្នាំ ដោយសារតែនៅកម្ពុជា មិនព្រមស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។

គណៈកម្មការអឺរ៉ុប អះអាងទៀតថា ការផ្តាច់ EBA ដោយផ្នែកខ្លះនេះ នឹងធ្វើឲ្យកម្ពុជា ប៉ះពាល់លើវិស័យការកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង រួមទាំងប៉ះពាល់ដល់ការនាំចេញផលិតផលធ្វើដំណើរ ដូចជាវ៉ាលី និង កាបូក ជាដើម ព្រមទាំងស្ករសរផងដែរ។ គណៈកម្មការអឺរ៉ុប លើកឡើងដូច្នេះថា៖«ការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ ធ្វើឲ្យកម្ពុជា ខាតប្រាក់ចំណេញប្រមាណ១ពាន់លានអឺរ៉ូ (ជាង១ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំ»។

ការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធដោយផ្នែកខ្លះនេះ គឺតម្រូវកម្ពុជា ត្រូវបង់ពន្ធលើទំនិញមួយចំនួន ដែលនាំចូលទៅទីផ្សារអឺរ៉ុប។ តែការសម្រេចយកពន្ធនេះ នឹងចូលជាធរមាននៅរយៈពេល៦ខែក្រោយ ដែលមានន័យថា ទាល់តែដល់ខែសីហា ឆ្នាំ២០២០ ទើបកម្ពុជា ចាប់ផ្តើមបង់ពន្ធ ពេលនាំទំនិញចូលទៅទីផ្សារអឺរ៉ុប។


