ហ្វេសប៊ុក ៖ សំណេរទាំងអស់នេះ ត្រូវបានដកស្រង់ចេញពីការបង្ហោះរបស់លោក តាន់ គឹមសួរ ដែលបានសរសេររៀបរាប់ពីអារម្មណ៍លោក ចំពោះ សម្តេចតេជោ ហ៊ុន សែន ដោយមានខ្លឹមសារដូច្នេះថា ៖ ខ្ញុំបានគិតហើយគិតទៀត តើគួរតែសរសេរអត់ បើមិនសរសេររៀបរាប់រឿងក្នុងចិត្តនៅពេលនេះទេ ខ្ញុំពិតជានៅមិនសុខទាល់តែសោះខ្ញុំសូមអភ័យទោសទុកជាមុនបើមានការខុសឆ្គងដោយការលើកឡើងត្រង់ចំណុចណាមួយ។

ខ្ញុំមកនេះមិនមែនមកដើម្បីយកមុខអីទេ ខ្ញុំមកនេះគឺដើម្បីបង្ហាញអារម្មណ៍មួយដែលមានការសោកស្តាយយ៉ាងខ្លាំងដែលខ្ញុំបានគិតអគតិលើសម្តេចដែលសម្តេចបានអនុញ្ញាតិឲ្យនាវាមួយចូលចតនៅកំពង់ផែកម្ពុជាខណៈប្រទេសជាច្រើនទៀតមានការខ្លាចរអានិងមិនអនុញ្ញាតិឲ្យចូលចតនៅកំពង់ផែរបស់គេ រួមទាំងប្រទេសជប៉ុនផងដែរ។

ដោយសារតែខ្ញុំគិតមិនដល់ បានជាកើតមានអារម្មណ៍មួយដែលមិនពេញចិត្តចំពោះការសម្រេចចិត្តមួយនេះ ខ្ញុំបានគិតថាសម្តេចបានធ្វើតាមតែចិត្តឯង តាមតែការនឹកឃើញ ចុះបើអនុញ្ញាតិឲ្យពួកគាត់ចូលហើយ ហើយកើតមានការរាតត្បាតនូវជម្ងឺកូរ៉ូណាដ៏កាចសាហាវឡើង តើអ្នកណាជាអ្នកទទួលខុសត្រូវ ហើយទប់ទល់យ៉ាងម៉េច? ព្រោះថាវិស័យសុខាភិបាលរបស់យើងនៅមានកម្រិតនៅឡើយ សរុបមកគឺមិនគិតអំពីសុខទុក្ខរបស់រាស្ត្រទាល់តែសោះ អារម្មណ៍ទាំងហ្នឹងគឺកើតចេញពីការភ័យខ្លាច ការព្រួយបារម្ភ បារម្ភខ្លាចតែមានបញ្ហាដល់ប្រជាជនយើងទាំងមូល ដោយខ្វះសតិក្នុងការរិះគិតពិចារណាឲ្យបានល្អជាងនេះ។ ខ្ញុំបានតាមដានគ្រប់សកម្មភាពទាំងអស់ តាំងពីនាវាមិនទាន់ចូលចំណតរហូតដល់មនុស្សបានចាកចេញពីនាវា។

អ្វីដែលធ្វើឲ្យខ្ញុំរំភើបចិត្តខ្លាំងបំផុតនោះគឺនៅពេលដែលសម្តេចបានមានប្រសាសន៍ថា ទោះបីជាភ្ញៀវនៅលើនាវានោះមានផ្ទុកនូវជម្ងឺកូរ៉ូណាក៏ដោយ ក៏សម្តេចនៅតែអនុញ្ញាតិឲ្យនាវានោះចូលចតដែរ តែស្ថិតក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត គឺមិនទុកពួកគាត់ចោលជាដាច់ខាត សម្តេចសុខចិត្តឲ្យជម្ងឺនោះឆ្លងទៅសម្តេចតែម្នាក់គត់។ ទាំងនេះបានធ្វើឲ្យខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងដែលបានគិតខុសចំពោះសម្តេច សង្ឃឹមថាសម្តេចមិនប្រកាន់ខឹងនឹងក្មួយប្រុសម្នាក់នេះទេឆ្លងកាត់រឿងរ៉ាវនេះ ធ្វើឲ្យខ្ញុំរកឃើញនូវអ្វីម្យ៉ាងដែលកំពុងតែមាននៅក្នុងខ្លួនរបស់ខ្ញុំ គឺភាពអាត្មានិយម សុំទោសសម្តេច ៕ ប្រភព៖ Tan Kimsour




