ពិតជាគំរូល្អ ខ្លាំងណាស់ ! អភិបាលស្រុកវ័យក្មេង កំពុងដឹកនាំប្រជាពលរដ្ឋ ស្រុក បន្ទាយស្រី ឲ្យចាប់ផ្តើមអោយតម្លៃទៅលើប្រយោជន៍រួមលើសពីប្រយោជន៍បុគ្គល
ស៊ីហៀង
-

សៀមរាប ៖ ប្រិយមិត្តជាទីមេត្រី ការរំដោះចំណីផ្លូវមកវិញ ម្តុំតំបន់”កដប”មុខផ្សារ នៃផ្លូវពីព្រះដាក់មកកាន់ប្រាសាទបន្ទាយស្រី ដើម្បីទុកលទ្ធភាពអោយអាជ្ញាធរអាចធ្វើការពង្រីកផ្លូវ រៀបចំផ្លូវដើរ ចំណតរថយន្ត និងដាំដើមឈើលម្អ ដើម្បីសោភ័ណភាព សណ្តាប់ធ្នាប់និងភាពទាក់ទាញ នៅលើផ្លូវដែលតែងតែមានភ្ញៀវជាតិនិងអន្តរជាតិឆ្លងកាត់រាប់លានក្នុងមួយឆ្នាំ ស័ក្តិសមនឹងឋានៈជាតំបន់ទេសចេរណ៍លំដាប់អន្តរជាតិ។

ក្នុងនាមអភិបាលស្រុក ខ្ញុំសូមថ្លែងអណរគុណដល់ប្រជាពលរដ្ឋទាំងជាង១០០ផ្ទះ ដែលបានយល់ព្រមដោយស្ម័គ្រចិត្តរំកិលចេញពីចំណីថ្នល់ និងថយទៅផ្នែកខាងក្រោយនៃបង្គោលភ្លើងវិញដោយមិនមានការតវ៉ា បើទោះជាផ្ទះមួយចំនួនត្រូវបាត់អស់ជិតពាក់កណ្តាលនៃតួផ្ទះ ហើយក្នុងនោះផ្ទះអភិបាលស្រុករងម្នាក់ក៏បានយល់ព្រមស្ម័គ្រចិត្តរុះរើជាគំរូមុនគេរួចរាល់ហើយ។

ឥរិយាបទបែបនេះឆ្លុះបញ្ចាំងអោយឃើញពីការផ្លាស់ប្តូរផ្នត់គំនិតនិងការយល់ឃើញរបស់អ្នកបន្ទាយស្រី ដែលចាប់ផ្តើមអោយតម្លៃទៅលើប្រយោជន៍រួមលើសពីប្រយោជន៍បុគ្គល។ សង្ឃឹមថាតំបន់នេះនឹងក្លាយជាគំរូល្អដល់ការរៀបចំតំបន់ទេចរណ៍ដទៃទៀត ដើម្បីប្រែក្លាយបន្ទាយស្រីទៅជាតំបន់ទេចរណ៍ដែលមានការគ្រប់គ្រងច្បាស់លាស់ មានលំហូរចូលនៃភ្ញៀវមកទស្សនារឹតតែច្រើន ដើម្បីបង្កើនការងារនិងប្រាក់ចំណូលបន្ថែមដល់អ្នកក្នុងស្រុក។

សូមបញ្ជាក់ថា ការរំលោភយកចំណីថ្នល់មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះបានកើតឡើងជាច្រើនឆ្នាំមកហើយ ភាគច្រើនផ្តើមចេញពីសំណង់បែបបណ្តោះអាសន្ន និងដោយសារតែការចង់យកប្រៀបគ្នាលើផ្ទះដទៃនៅក្នុងតំបន់អាជីវកម្មលក់ដូរមួយនេះ ពីផ្ទះមួយទៅផ្ទះមួយ ដោយមិនមានការគ្រប់គ្រងនិងហាមឃាត់ ដែលធ្វើអោយរីករាលដាលពេញតំបន់ទាំងមូល ហើយនាំគ្នារំកិលមកលើចំណីថ្នល់ទាំងស្រុង ធ្វើអោយតំបន់នេះបាត់សណ្ឋាននិងទ្រង់ទ្រាយដើម និងក្លាយជាឧបសគ្គដល់ការរៀបចំសណ្តាប់ធ្នាប់និងការអភិវឌ្ឍទីប្រជុំជនមួយនេះ ៕ #២០២០បន្ទាយស្រីស្អាត