សម្តេច ហ៊ុន សែន រំលឹកទៅមន្ត្រីគ្រប់រូបឲ្យចេះគោរពប្រជាពលរដ្ឋ តែបើមន្ត្រីណាខូចៗធ្វើបាបប្រជាពលរដ្ឋ ប្រើពេលត្រឹម ១៥ នាទី សម្តេចនិងដកដំណែងភ្លាម
ស៊ីហៀង
- 5580

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល ចំនួន៥៧៥នាក់ នារី ១០៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។

ថ្លែងក្នុងនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកដាស់តឿនដល់មន្ត្រីរាជការទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវតួនាទីរបស់ខ្លួន ត្រូវចាត់ទុកខ្លួនឯងជាអ្នកបំរើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ។ មន្រ្តីទាំងអស់ គឺមិនត្រូវធ្វើជាមន្ត្រីជើង១០នោះទេ គឺត្រូវធ្វើជាមន្រ្តីជើងពីរ ត្រូវចេះរត់រកការងារ មិនត្រូវចាំអោយការងាររត់រកយើងនោះទេ។ ធ្វើជាមន្ត្រីល្អ ដែលមានប្រជាពលរដ្ឋគោរពស្រលាញ់ ស្មោះត្រង់ មិនមានភាពក្រអឺតក្រទម ហើយត្រូវចេះគោរពប្រជាពលរដ្ឋ ចេះអោនលំទោន ដូចពាក្យចាស់លោកពោលថា «អោនដាក់ គ្រាប់ ងើយស្កក» និងពាក្យមួយទៀត«ពេលនៅអោយគេស្រលាញ់ ពេលចាកចេញអោយគេអាណិត ។

តួយ៉ាងមុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ និងប្រកាសបើកវគ្គបណ្តុះបណ្តាលថ្មី ឆ្នាំ២០២០របស់សាលាភូមិន្ទរដ្ឋបាល ព្រមទាំងបានថតរូបអនុស្សាវរីយ៍ជាមួយសិស្ស និស្សិត ប្រកបដោយភាពស្និទ្ឋស្នាលរីករាយបំផុត៕