អង្គការសុខភាពពិភពលោក (WHO) បានថ្លែងនៅថ្ងៃច័ន្ទនេះថាប្រទេសមួយចំនួនមានដូចជា ប្រទេសកូរ៉េខាងត្បូង អ៊ីតាលី អ៊ីរ៉ង់និង ជប៉ុនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីវីរុសឆ្លងដ៏កាចសាហាវនៅក្នុងប្រទេសរបស់ខ្លួនប៉ុន្តែការព្រួយបារម្ភនេះវាកាន់តែខ្លាំងឡើងៗ សម្រាប់ប្រទេសទាំងអស់ដែលផ្ទុកវីរុសនេះផងដែរ។
លោក ថេតត្រូស អាដាន់ណាំ ហ្គេបេរី យេស៊ូវ អគ្គនាយកអង្គការសុខភាពពិភពលោកប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា៖ពួកយើងក៏ពុំធ្លាប់បានឃើញមកពីមុននូវភ្នាក់ងារបង្ករោគផ្លូវដង្ហើមមួយនេះដែលវាអាចមានលទ្ធភាពបញ្ចូនទៅកន្លែងដទៃទៀតយ៉ាងឆាប់រហ័ស ក្នុងពេលជាមួយគ្នានេះដែរយើងគួរតែមានវិធានការដ៏ត្រឹមត្រូវក្នុងការទប់ស្កាត់នូវការរីករាលដាលមួយនេះ។ ហើយកាលពីថ្ងៃអាទិត្យប្រទេសចិនបានចេញរបាយការណ៍អំពីការឆ្លងថ្មីចំនួន ២០៦ ករណី និងបានរាយការណ៍មកមានអ្នកកផ្ទុកវីរុសនេះប្រមាណជាង ៨ ម៉ឺននាក់ចាប់តាំងពីការដែលចាប់ផ្ទុះឡើងដំបូង។
លោកបានថ្លែងថា ក្នុងចំណោម ៨.៧៣៩ ករណីដែលបានរាយការណ៍ដោយ ៦១ ប្រទេសនៅក្រៅប្រទេសចិន ៨១% គឺមានតែ ៤ ប្រទេសប៉ុណ្ណោះ។ថា ក្នុងចំណោមប្រទេសចំនួន ៥៧ ផ្សេងទៀតដែលរងផលប៉ះពាល់ មាន៣៨ប្រទេស បានរាយការណ៍ថាមាន ១០ ករណីឬតិចជាងនេះ ។
ទីភ្នាក់ងារអង្គការសុខភាពពិភពលោកបាននិយាយថា ក្រុមគ្រូពេទ្យសុខភាពពិភពលោកបានទៅដល់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទដើម្បីគាំទ្រដល់អាជ្ញាធរនិងផ្តល់ការធ្វើរោគវិនិច្ឆ័យចំនួន ១០០.០០០ និងឧបករណ៍ការពារសម្រាប់បុគ្គលិកសុខាភិបាលចំនួន ១៥.០០០ នាក់។
លោកបណ្ឌិត ម៉ៃ រ៉ៃយ៉ាន ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា៖ សារៈសំខាន់នៃការទប់ស្កាត់ល្បឿននៃការរីករាលដាលនៃមេរោគអនុញ្ញាតឱ្យប្រព័ន្ធសុខាភិបាលនិងមន្ទីរពិសោធន៍រៀបចំការអភិវឌ្ឍនៃកម្មវីធី និងបង្កើតថ្នាំវ៉ាក់សាំងសម្រាប់ទប់ស្កាត់ និងបានចាត់ចែងក្រុមគ្រូពេទ្យរបស់អង្គការសុខភាពពិភពលោកទៅកាន់ប្រទេសមួយចំនួនដែលមានវីរុសមួយនេះផងដែរ។
លោក ថេតត្រូស បាននិយាយថា “ ខ្ញុំសូមសរសើរតាមសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកដែលគាំទ្រដល់ប្រទេសអ៊ីរ៉ង់ បើទោះបីប្រទេសអ៉ីរ៉ង់កំពុងតែទទួលទណ្ឌកម្មលើកម្មវិធីនុយក្លេអ៊ែរក៏ដោយ លោកបានគិតថានេះគឺជាស្ពានសម្រាប់ឈានទៅសន្តិភាពដែលវាមានសារៈសំខាន់ណាស់សម្រាប់មនុស្សជាតិ “។ ប្រភពពី៖ reuters
ប្រែសម្រួលអត្ថបទដោយ៖ Soeur Sophea Khmer News