នៅមុននេះបន្តិចនៅលើបណ្តាញផេកផ្លូវការរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនឲ្យបានជ្រាបថា"ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េសូមជូនដំណឹងជាបឋមថាថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០នេះ មានជនជាតិខ្មែរចំនួន២នាក់ ដែលជានារីខ្មែររៀបការស្វាមីកូរ៉េ ០១នាក់ អាយុ២៣ឆ្នាំ ម្តាយ អាយុ ៤៦ឆ្នាំ រួមជាមួយនឹងកូនប្រុសអាយុទើប៣ខែ នៅទីក្រុងប៊ូឆុន ដែលស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល បានឆ្លងវីរ៉ុស COVID-19 ពីប្តីរបស់គាត់ ដែលប្តីរូបនោះបានឆ្លងពីក្មួយបានផ្ទុកវីរ៉ុសCOVID-19 ពីទីក្រុងដេគូ ដែលជាតំបន់ឆ្លងខ្លាំងជាងគេនៅកូរ៉េ។

សូមជម្រាបជូនថា ប្តីរបស់នារីខ្មែររូបនេះ ត្រូវបានគេពិនិត្យឃេីញមាន COVID-19 នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០និងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងព្យាបាលជិតជាសះស្បេីយរួចទៅហេីយ។

យប់មិញ (២១ មីនា ២០២០) ក្រុមគ្រូពេទ្យកូរ៉េ បានបញ្ជូនពួកគាត់ទៅមន្ទីពេទ្យម៉្យុងជី នៅអ៉ីលសានដើម្បីពិនិត្យ និងព្យាបាល។

បច្ចប្បន្ន ស្ថានទូតបាននិងកំពុងតែប្រមូលព័ត៌មានច្បាស់ការបន្ថែមទៀត និងធ្វើការសម្របសម្រួលជាមួយក្រសួងការបរទេសកូរ៉េ អាជ្ញាធរសុខាភិបាល មន្ទីរពេទ្យអ៉ីលសានម៉្យុងជី និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត បន្ថែមពីនោះកំពុងបញ្ជូនមន្ត្រីចុះទៅមន្ទីរពេទ្យដោយផ្ទាល់ដេីម្បីតាមដានពីស្ថានភាពសុខភាពរបស់ពួកគាត់នាព្រឹកនេះ។





ប្រភព៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ