សោកស្តាយ ! វេជ្ជបណ្ឌិតអ៊ីតាលី៥នាក់បានស្លាប់ ខណៈបុគ្គលិកពេទ្យចំនួន២,៦២៩នាក់បានឆ្លងនិងបុគ្គលិកពេទ្យជួរមុខកំពុងតែមានការភ័យខ្លាច
ស៊ីហៀង
-

នៅពេលដែលស្ថានភាពនៅក្នុងប្រទេសអ៊ីតាលីកាន់តែយ៉ាប់យ៉ឺន ចំនួនមនុស្សស្លាប់នៅក្នុងប្រទេសនេះមានការកើនឡើងជាខ្លាំង។ ផ្អែកលើរបាយការណ៍របស់ Daily Mail កាលពីម្សិលមិញ វេជ្ជបណ្ឌិតជនជាតិអ៊ីតាលី ៥ នាក់ទៀតបានស្លាប់ដោយសារវីរុសនេះដែលធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងចំណោមគ្រូពេទ្យកើនឡើងដល់ ១៣ នាក់។

លើសពីនេះ បុគ្គលិកសុខាភិបាលចំនួន ២៦២៩ នាក់បានឆ្លងវីរុសនេះ (៨,៣% នៃករណីសរុបរបស់ប្រទេស) ។ ការកើនឡើងនៃចំនួនយ៉ាងឆាប់រហ័សបែបនេះ កំពុងតែក្លាយជាក្តីកង្វល់សម្រាប់បុគ្គលិកពេទ្យដែលកំពុងឈរជួរមុខនៅក្នុងប្រទេសអ៊ីតាលីដែលកំពុងតែធ្វើការព្យាបាល ជាមួយអ្នកជំងឺដែលឆ្លងមេរោគផងដែរ។

វេជ្ជបណ្ឌិតចំនួន ៥ នាក់ដែលបានទទួលមរណភាព ក្នុងនោះមាន ៣ នាក់មានអាយុលើសពី ៦០ ឆ្នាំ។ ដែលវេជ្ជបណ្ឌិត ២នាក់ទៀតមានអាយុលើសពី ៧០ឆ្នាំ គឺជាមន្ដ្រីសុខាភិបាលចូលនិវត្តន៍ដែលត្រូវបានអញ្ជើញមកចូលរួមព្យាបាលអ្នកជំងឺ។

ផ្អែកលើទិន្នន័យផ្លូវការនៅក្នុងប្រទេសបានបង្ហាញថានីតិវិធីនិងឧបករណ៍ការពារសម្រាប់វេជ្ជបណ្ឌិតនៅតែមិនទាន់គ្រប់គ្រាន់នៅឡើយ។ រីឯចំនួនគ្រូពេទ្យដែលបានឆ្លងបានកើនឡើងជាង ១៥០០ នាក់ក្នុងរយៈពេលតែ ៨ ថ្ងៃប៉ុណ្ណោះ។

របាយការណ៍ចុងក្រោយបំផុតរបស់សារព័ត៌មាន CNN បានបញ្ជាក់ថាឥឡូវនេះប្រទេសអ៊ីតាលីបានកើនលើសប្រទេសចិនដែលមានចំនួនអ្នកស្លាប់ដល់ទៅ ៣.៤០៥ នាក់ខណៈស្លាប់នៅចិន មានចំនួន ៣.២៤៩ នាក់។

លើសពីនេះផងដែរ ប្រទេសអ៊ីតាលីមានអ្នកឆ្លងក្នុងមួយថ្ងៃរហូតដល់ ៥.៣២២ ករណីដែលជាចំនួនច្រើនបំផុត ដែលធ្វើឱ្យចំនួនសរុបនៅក្នុងប្រទេសអ៊ីតាលីកើនឡើងដល់ ៤១.០៣៥ ករណី៕ ប្រភពworldofbuzz

សម្រួលអត្ថបទដោយ៖SOEUR.