អាណិតតែអ្នកប្រើទេ ល្អ មិនល្អ ចេះតែទិញប្រើទៅ ដើម្បីការពារខ្លួន...មន្រ្តីជំនាញរកឃើញ អាល់កុលក្លែងក្លាយ ចំនួន ៨១លីត្រ នៅខេត្ត...
ស៊ីហៀង
-

ព្រះវិហារ៖ កាលពីថ្ងៃទី៣១​ ខែមីនា ឆ្នាំ២០២០ មន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំសាខាខេត្តព្រះវិហារ សហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានចុះតាមដាន ការដាក់លក់ ម៉ាស៊ីនតេសត្ត Covid-19, ត្រួតពិនិត្យគុណភាពអាល់កុល, តម្លៃម៉ាស់, តម្លៃទឹកលាងដៃ ក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោកដួង មុនី បានប្រាប់ឲ្យដឹងថា មានម្ចាស់ឱសថស្ថាន ឬអាជីវករមួយចំនួន ឆ្លៀតឱកាស ដាក់លក់អាល់កុល ជែលលាងដៃក្លែងក្លាយ ឧបករណ៌សម្រាប់ធ្វើតេស្តកូវីដ-១៩ និងគ្មានប្រភពផលិតច្បាស់លាស់ និងលក់ម៉ាស់មានតម្លៃខ្ពស់ កេងយកផល ចំណេញហួសហេតុ មិនគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោក កំពុងជួបប្រទះ នៃការរីករាលដាល នៃវីរុស COVID-19។

នៅក្នុងការចុះប្រតិបត្តិការនេះ ជាលទ្ធផល បានរកឃើញអាជីវករមួយចំនួនបានកំពុងចរាចរធ្វើអាជីកម្ម លក់អាល់កុលក្លែងក្លាយ (មេតេណុល) សរុបចំនួន៖ ចំនួន ៨១លីត្រ។ បន្ទាប់មក មន្រ្តីសាខាក.ប.ប បានធ្វើកំណត់ហេតុ និងដកហូតអាកុលក្លែងក្លាយទាំងនោះមករក្សាទុកនៅសាខា ក.ប.ប ខេត្តព្រះវិហារ ដើម្បីអនុវត្តនីតិវិធីបន្ត។

លោកដួង មុនី ប្រធានសាខា ក.ប.ប ខេត្តព្រះវិហារ ក៏បានសំណូមពរដល់អាជីវករ សូមមេត្តាកុំឆ្លៀតឱកាសលក់ផលិតផលម៉ាស និងអាកុល សម្រាប់លាងសំអាតដៃ កឹបកេងយកផលចំណេញហួសហេតុ និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំទិញផលិតផល អាល់កុលណា ដែលគ្មានស្លាកសញ្ញា និងប្រភពច្បាស់លាស់ ដើម្បីជៀសវាងការទិញផលិតផលក្លែងក្លាយ ឬគ្មានគុណភាព យកមកប្រើប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិត៕